(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ដែលមានកូនចៅរស់នៅ និងធ្វើការនៅក្នុងតំបន់ណា សូមរក្សានៅតំបន់នោះដដែល កុំមានការផ្លាស់ទីប្រសិនបើមិនចាំបាច់ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល។
ការអំពាវនាវរបស់លោកស្រីបណ្ឌិត ម៉ែន សំអន បែបនេះខណៈដែលលោកស្រី បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ចែកជូនដល់ប្រជាពលរដ្ឋចំនួន៣៩គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិ នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងឃុំត្នោត និងឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
លោកស្រី ក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹកដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកស្រីបានផ្តាំផ្ញើបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការថែរក្សាសុខភាព ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩នេះឲ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ផងដែរ ព្រោះបច្ចុប្បន្ននេះ ករណីឆ្លងនៅកម្ពុជាមិនទាន់ មានការថមថយនៅឡើយនោះទេ។
លោកស្រី ក៏បានអំពាវនាវដល់ប្រជាពលដ្ឋ ឲ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា តាមរយៈការតាមដាន សេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម និងវិធានការត្រៀមបង្ការផ្សេងៗទៀត ដើម្បីបញ្ចៀសនូវការគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
អំណោយដែលបានចែកជូនប្រជាពលរដ្ឋ ក្នុងថ្ងៃនេះ ក្នុង១គ្រួសារទទួលបានអង្ករ ៣០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, អាវយឺត១, ធុងទឹកជ័រ១ ក្រណាត់កៅស៊ូតង់១ ឆ្នាំងបាយ ឆ្នាំងសម្លរ២ កន្ទឹលជ័តបត់១ ថវិកា៣៥ម៉ឺនរៀល ។
ក្នុងឱកាសនោះ ក៏មានសប្បុរសជន បានចូលរួមចំណែកជាមូលនិធិ អបអរសាទរក្នុងឱកាស នៃខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ដើម្បីទ្រទ្រង់ដល់សកម្មភាពការងារមនុស្សធម៌ ជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋ ដែលប្រឈមងាយរងគ្រោះ នឹងមានទុក្ខលំបាកផ្សេងៗ រួមមាន៖
* ១៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ១០លានរៀល
* ២៖ លោកនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម និងលោកស្រី ថវិកា៥,០០០ដុល្លារ
* ៣៖ លោកឧត្តមសេនីយ៍ទោ កឹង ឃន និងលោកស្រី ថវិកា១០លានរៀល
* ៤៖ លោកឧកញ៉ា ផែ ហុកឈួន និងលោកស្រីឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ថវិកា៥លានរៀល
* ៥៖ តារាកំប្លែង ពែកមី ថវិកា១០លានរៀល។
ជាមួយគ្នានេះ លោកស្រី ម៉ែន សំអន ក៏បានចូលបុណ្យសពដល់គ្រួសារ ដែលមានសមាជិកបានទទួលមរណភាព ដោយសាឆក់ខ្សែភ្លើង កាលពីម្សិលមិញផងដែរ៕