(ភ្នំពេញ)៖ វិធានការបិទខ្ទប់រាជធានីភ្នំពេញរយៈពេល៣សប្តាហ៍ ត្រូវបានបិទបញ្ចប់ត្រឹមថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ។ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានចាត់ទុកវិធានការបិទខ្ទប់រាជធានីភ្នំពេញ ជាវិធានការល្អ វិធានការទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។
ក្រោយពេលមានការរីករាលដាលខ្លាំងជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចបិទរាជធានីភ្នំពេញរយៈពេល៣សប្តាហ៍ គិតចាប់ពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា។ វិធានការនេះអ្នកជំនាញសុខភាពមើលឃើញថា ជាវិធានការយុទ្ធសាស្ត្រមួយក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ក្នុងសន្និសីទព័ត៌មានស្តីពីការបិទបញ្ចប់វិធានការបិទខ្ទប់រាជធានីភ្នំពេញ តែបន្តរក្សាការអនុវត្តវិធានការរដ្ឋបាលនានា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ លោក កើត ឆែ បានគូសរំលេចថា ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការជាច្រើនដូចជា បិទទីតាំងមានករណីវិជ្ជមានជំងឺកូវីដ១៩, ការផ្អាកការជួបជុំ ដូចជាពិធីជប់លៀង អាពាហ៍ពិពាហ៍ ពិធីបុណ្យទាន ពិធីសាសនា និងការជួបជុំមានមនុស្សច្រើន, ការដាក់ចេញបំរាមគោចរពីម៉ោង៨យប់ ដល់ ៥ទៀបភ្លឺ, ការដាក់ចេញគោលការណ៍ណែនាំផ្អាកការលក់គ្រឿងស្រវឹង, តម្រូវឱ្យផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងកន្លែងលក់គ្រឿងឧបភោគ បរិភោគ លក់ដូរជាលក្ខណៈវេចខ្ចប់ដោយមិនឱ្យមានការទទួលភ្ញៀវ និងបានចាត់វិធានការចាំបាច់មួយចំនួនទៀត។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសហការជាមួយក្រសួងសុខាភិបាល ក្នុងការចាត់វិធានការសុខាភិបាលបន្ថែមទៀត រួមមានការយកអ្នកជំងឺកូវីដ១៩ ទៅព្យាបាល, កំណត់អ្នកពាក់ព័ន្ធ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក, ការសាងសង់ និងរៀបចំមណ្ឌលចត្តាឡីស័កថ្មី និងការរៀបចំកន្លែងព្យាបាលជំងឺកូវីដ១៩បន្ថែម។ល។
បើទោះបីរដ្ឋបាលរាជធានីភ្នំពេញ បានចាត់វិធានការបែបនេះក្តី តែស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ មិនមានការថមថយឡើយ។ ព្រោះតែការអនុវត្តវិធានទាំងនេះមិនមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩នេះហើយ ទើបនាំឱ្យរាជរដ្ឋាភិបាលឈានដល់ការដាក់ចេញវិធានការបិទខ្ទប់រាជធានីភ្នំពេញ។
លោក កើត ឆែ បានអះអាងថា ការបិទខ្ទប់នេះមានគោលបំណងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ, កាត់ផ្តាច់ការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់, កាត់ផ្តាច់ការចម្លងពីតំបន់មួយទៅតំបន់មួយ និងទប់ស្កាត់ការរីកសាយភាយទៅតាមបណ្តាខេត្ត។
អភិបាលរងរាជធានីរូបនេះ បានលើកឡើងថា វិធានការបិទខ្ទប់នេះ អត្រាឆ្លងមិនថមថយទេ ក៏ប៉ុន្តែរដ្ឋាបាលរាជធានីភ្នំពេញ អាចកំណត់ទីតាំងដែលឆ្លងបាន។ លោកបានបញ្ជាក់ថា ដំបូងឡើយជំងឺបាចសាយពេញរាជធានីភ្នំពេញ មិនអាចដឹងនៅកន្លែងណា ប៉ុន្តែក្រោយបិទខ្ទប់មក គេអាចដឹងថា កន្លែងឆ្លងខ្លាំងនៅកន្លែងណា កន្លែងឆ្លងមធ្យមនៅកន្លែងណា និងកន្លែងឆ្លងស្រាលនៅកន្លែងណា?
លោកបានបញ្ជាក់យ៉ាងដូច្នេះ «វិធានការរបស់រាជរដ្ឋាភិបាល គឺជាវិធានការដែលទាន់ពេលវេលាបំផុតសម្រាប់ទប់ស្កាត់ការរីកបាចសាចជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើងនេះ»។
លោកបន្តថា «បើសិនគ្មានការបិទខ្ទប់របស់រាជរដ្ឋាភិបាលទេ មកដល់ពេលនេះ ម៉ោងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏មិនអាចកំណត់តំបន់ណាឆ្លងខ្លាំង តំបន់ណាឆ្លងមធ្យមបានដែរ។ មានតែការបិទខ្ទប់នេះទេ អាចដោះស្រាយបញ្ហានេះបាន»។
បន្ទាប់ពីកំណត់បាននូវតំបន់ប្រឈមការរីករាលដាលជំងឺកូវីដ១៩ហើយនោះ រាជរដ្ឋាភិបាល បានសម្រេចដកវិធានការបិទខ្ទប់ហើយសម្រាប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះតទៅ។ បើទោះបីជាដកវិធានការបិទខ្ទប់ តែរដ្ឋបាលរាជធានីភ្នំពេញបន្តដាក់ចេញវិធានការរដ្ឋបាលរយៈពេលមួយសប្តាហ៍បន្ថែមទៀត ដើម្បីគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩។
រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តបែងចែកភូមិសាស្ត្ររាជធានីភ្នំពេញជា៣តំបន់ដដែល តែវីសាលភាពតំបន់ពណ៌លឿងកាន់តែទូលាយ ខណៈតំបន់ពណ៌ក្រហម និងពណ៌លឿងទុំ បានបង្រួមកាន់តែតូច។
បើទោះបីជាតំបន់ពណ៌លឿងមានវីសាលភាពធំក្តី តែរាជធានីភ្នំពេញ មិនទាន់រួចផុតពីហានិភ័យនៃការរីករាលដាលជំងឺកូវីដ១៩នៅឡើយនោះទេ។ ក្នុងន័យនេះ លោក កើត ឆែ បន្តអំពាវនាវឱ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ យកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ និងឈានទៅកាត់ផ្តាច់ការចម្លង។
លោក កើត ឆែ បានអំពាវនាវយ៉ាងដូច្នេះ «ពណ៌លឿងនេះបងប្អូនប្រជាពលរដ្ឋចាំបាច់ត្រូវធ្វើអ្វី? ទៅណាក៏ដោយ ៣កុំ ៣ការពារ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺភ្លេចមិនបានដាច់ខាត។ បើសិនបងប្អូនភ្លេចអាហ្នឹង យើងមិនងាយបិទបញ្ចប់ព្រឹត្តិការណ៍នេះបានទេ។ បើសិនបងប្អូនប្រជាពលរដ្ឋយើងអាចរក្សាបាន៣កុំ ៣ការពារ គ្រប់ទីកន្លែងទាំងអស់ យើងនឹងឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍នេះ តែបើបងប្អូនមិនអនុវត្តបានទេ គឺពិបាក»៕