(ភ្នំពេញ)៖ អភិបាលរងរាជធានីភ្នំពេញ លោក នួន ផារ័ត្ន បានទម្លាយថា មានប្រជាពលរដ្ឋខ្លះជាអ្នកលក់ឥវ៉ាន់ និងខ្លះទៀត មានផ្ទះរហូតដល់ទៅ៣ល្វែង តែនៅបន្តដង្ហោយសុំស្បៀងពីអាជ្ញាធរក្នុងកំលុងពេលអនុវត្តវិធានការបិទខ្ទប់នាពេលកន្លងទៅនេះ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តវិធានការបិទខ្ទប់ និងវិធានការរដ្ឋបាលក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ លោក នួន ផារ័ត្ន បានថ្លែងឱ្យដឹងថា ក្នុងកំលុងពេលអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្គត់ផ្គង់ស្បៀងអាហារជូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់នេះ។
លោក នួន ផារ័ត្ន បានឱ្យដឹងថា ស្បៀងអាហារជិត ៣០ម៉ឺនកញ្ចប់ ត្រូវបានយកចែកចាយជូនប្រជាពលរដ្ឋ។ លោក នួន ផារ័ត្ន ក៏បានលើកឡើងពីផលលំបាកមួយចំនួនក្នុងការចែកអំណោយនៅក្នុងតំបន់បិទខ្ទប់នេះផងដែរ ជាពិសេសនៅក្នុងតំបន់ក្រហម ដែលជាតំបន់ប្រឈមខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩។
បើតាមលោក នួន ផារ័ត្ន មានក្រុមការងារមួយចំនួនបានឆ្លងជំងឺកូវីដ១៩ថែមទៀតផង។
ពាក់ព័ន្ធនឹងការចែកស្បៀងនេះផងដែរ លោក នួន ផារ័ត្ន បន្តទទូចដល់ប្រជាពលរដ្ឋមានលទ្ធភាពហើយនោះ គួរមានការសម្បទាន និងចូលរួមជាមួយរាជរដ្ឋាភិបាល ដោយទុកស្បៀងនោះជូនដល់អ្នកខ្វះខាត។
ជាមួយការលើកពីករណីនេះ លោក នួន ផារ័ត្ន ក៏បានបង្ហើបផងដែរថា មានប្រជាពលរដ្ឋខ្លះមានជីវភាពល្អ និងមានលទ្ធភាពទ្រទ្រង់ជីវភាព តែក៏នៅដង្ហោយរកស្បៀងពីអាជ្ញាធរផងដែរ។ ក្នុងនោះមានប្រជាពលរដ្ឋខ្លះ មានផ្ទះរហូតដល់ទៅ៣ល្វែង ក៏នៅតែទាមទារជំនួយស្បៀងពីអាជ្ញាធរ។
លោក នួន ផារ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះ «ឱ្យតែមានបងប្អូនណាបង្ហោះថា ខ្វះស្បៀងអាហារ កន្លែងនេះដាច់ស្បៀងហើយ កន្លែងនោះដាច់ស្បៀងហើយ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ តែងតែបញ្ជូនក្រុមការងារ ជាពិសេសមន្ត្រីសង្កាត់ ខណ្ឌរបស់យើងទៅឆ្លើយតបភ្លាមៗ។ ហើយយើងក៏ហ៊ាននិយាយការពិតដែរថា ពេលខ្លះទៅដល់ផ្ទះគាត់៣ល្វែង វាមាន មានអ្នកខ្វះស្បៀងពិតប្រាកដយើងទទួលស្គាល់ មានអ្នកមានបន្ទប់ជួល ហើយខ្វះស្បៀង យើងបំពេញបន្ថែម»។
លោក ផារ័ត្ន បន្តថា «ប៉ុន្តែក៏មានបងប្អូនមានលទ្ធភាពហើយ ថាគាត់ខ្វះខាតដែរ។ សូមបងប្អូនមេត្តាចូលរួមសហការត្រង់ចំណុចនេះ ពីព្រោះថា លក្ខខណ្ឌមួយនៃការផ្តល់ជំនួយសង្គ្រោះបឋមនេះ គឺយើងផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលជួបការខ្វះខាត ជាពិសេសជីវភាពខ្វះខាត។ អ៊ីចឹងបើបងប្អូនមានលទ្ធភាព បងប្អូនខ្លះនៅតំបន់លឿងទុំ យើងអត់ហាមឃាត់បងប្អូនអញ្ជើញចេញ ដើម្បីទិញឥវ៉ាន់ ទៅផ្សារទេ អ៊ីចឹងបងប្អូននៅមានលទ្ធភាពអាចនឹងទិញឥវ៉ាន់ប្រើប្រាស់សម្រាប់ជីវភាពរស់នៅរបស់ខ្លួន។ ប៉ុន្តែសូមបងប្អូនមួយចំនួនដែលមានលទ្ធភាព កុំដណ្តើមស្បៀងជាជំនួយសង្គ្រោះបឋមនេះជាមួយបងប្អូនមានជីវភាពខ្វះខាតពិតប្រាកដ ពីព្រោះបើអាចកាត់បន្ថយបានអ៊ីចឹងអ្នកខ្វះខាតពិតប្រាកដ គាត់នឹងមានលទ្ធភាពទទួលបានស្បៀងនេះទាន់ពេលវេលា»។
ពាក់ព័ន្ធនឹងការចែកស្បៀងនេះដែរ លោក នួន ផារ័ត្ន ក៏បានកោតសរសើរ និងសូមអរគុណ ចំពោះកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការដឹកជញ្ជូន និងចែកចាយស្បៀងជូនប្រជាពលរដ្ឋ៕