(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ មានរៀបចំពិធីប្រគល់ទទួលអង្ករចំនួន ៥០តោន និងថវិកា២០០លានរៀល ដែលជាអំណោយរបស់ ក្រុមហ៊ុន JIN SHA KONG GU Co.,LTD តាមរយៈបញ្ជាការដ្ឋានអង្គរក្ស។
ក្នុងនោះលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាអ្នកអញ្ជើញទទួលពីលោកឧត្តមសេនីយ៍ឯក អ៊ុង សិរីគុត្ត និងលោក ឧត្តមសេនីយ៍ឯក កែវ ស៊ីម តំណាងបញ្ជាការដ្ឋានអង្គរក្ស។
ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ចាក់ថា អំណោយដែលប្រគល់ជូនអគ្គស្នងការដ្ឋានននគរបាលជាតិ នាពេលនេះ គឺដើម្បីឧបត្ថម្ភដល់កងកម្លាំងនគរបាលជាតិ ក្នុងខណៈពេលដែលកំពុងតែចូលរួមក្នុងការតស៊ូ បង្ការ ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
លោកឧត្តមសេនីយ៍ឯក បានលើកឡើងថា អំណោយនេះ បានឆ្លុះបញ្ចាំងអំពីទឹកចិត្តសប្បុរសធម៌របស់ ក្រុមហ៊ុន JIN SHA KONG GU Co.,LTD ដែលបានចូលរួមវិភាគទានជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាការរួមចំណែកលើកទឹកចិត្ត ដល់កងកម្លាំងនគរបាលជាតិ ក្នុងការថែរក្សាសុខភាពសាធារណៈ សុខភាព អាយុជីវិតពលរដ្ឋ និងសង្គមជាតិផងដែរ។
ក្នុងឱកាសនោះ ជំនួសមុខឲ្យនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកក្រោមឱវាទគ្រប់ថ្នាក់ នៃក្រុមហ៊ុន JIN SHA KONG GU Co.,LTD សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ទទួលបានជោគជ័យលើគ្រប់ធុរកិច្ចរបស់ខ្លួន៕