(ភ្នំពេញ)៖ លោក សួស យ៉ារ៉ា អគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) តំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធាន ACC នៅព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២១នេះ បាននាំអំណោយសប្បុរសធម៌របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយស ACC ដែលទទួលបានពីអង្គការសហព័ន្ធសន្តិភាពសាកល (UPF) ប្រគល់ជូន «សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ» (TYDA) ។
សូមគូសបញ្ជាក់បន្ថែមថា វិភាគទានសប្បុរសធម៌នាពេលនេះ ត្រូវបានជូនមករាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាវប្បធម៌អាស៊ី ហើយដែល សម្តេចតេជោ ហ៊ុន សែន និងជាប្រធានស្ថាបនិកកិត្តិយស ACC បានសម្រេចបង្វែរជូនទៅ «សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ» (TYDA) ដឹកនាំដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងបេសកកម្មសង្គ្រោះបន្ទាន់ប្រឆាំងនឹងកូវីដ១៩ ដែលបានកសាងមន្ទីពេទ្យ និងមជ្ឈមណ្ឌលថែទាំអ្នកជំងឺកូវីដ១៩ ចំនួន៥១កន្លែង។
ក្នុងឱកាសនៃពិធីប្រគល់-ទទួលនាពេលនេះ ក៏មានការអញ្ជើញចូលរួមពី លោក ចំរើន សុផល អគ្គលេខាធិការអង្គការ UPF ប្រចាំកម្ពុជា និងតំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ព្រមទាំងសហការីផងដែរ។
អំណោយសប្បុរសធម៌នាពេលនេះ រួមមានជាអង្ករចំនួន ១០០តោន និងថវិកាចំនួន ១០០,០០០ដុល្លារ។ ជំនួយសប្បុរសធម៌នេះ ផ្តើមចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គការ UPF និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងគំនិតផ្តួចផ្តើមនានា ដែលរួមចំណែកដល់ការកសាង ការថែរក្សា និងការលើកកម្ពស់សន្តិភាព និងវិបុលភាព ក្នុងតំបន់ និងពិភពលោក។
ក្រុមប្រឹក្សាវប្បធម៌អាស៊ី នឹងបន្តសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងដៃគូរផ្សេងទៀតរួមមានរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលនានា ដើម្បីស្វែងរកនូវវិធីសាស្ត្រល្អៗ ដើម្បីរួមចំណែកដល់ការសម្រេចបាននូវសន្តិភាព វិបុលភាព និងសុខុមាលភាពប្រកបដោយបរិយាប័ន្ននៅអាស៊ី៕