(បន្ទាយមានជ័យ)៖ យោធានៅទិសទី១ នៃយោធភូមិភាគទី៥ ប្រមាណ ២៩នាក់ ទទួលបានការហ្វឹកហ្វឺនសមត្ថភាពបន្ថែមលើការងារយកសំណាក និងព្យាបាលអ្នកជំងឺកូវីដ១៩ ដើម្បីត្រៀមខ្លួនចូលរួមប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជា ជាពិសេសនៅខេត្តបន្ទាយមានជ័យ។
ការហ្វឹកហ្វឺន និងអនុវត្តជាក់ស្តែងត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័កកម្រិត២ ស្ថិតនៅភ្នំកងវ៉ា ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់លើការងារហ្វឹកហ្វឺន និងការអនុវត្តរបស់ក្រុមគ្រូពេទ្យយោធា ដើម្បីធានាដល់ប្រសិទ្ធភាពប្រតិបត្តិការ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានឱ្យដឹងថា មន្ត្រីយោធាដែលហ្វឹកហ្វឺនត្រៀមខ្លួនចូលសមរភូមិកូវីដ១៩នេះ មកពីអង្គភាពកងពលតូចថ្មើរជើងលេខ៥១ និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។
វគ្គហ្វឹកហ្វឺននេះក្រោមកិច្ចសហការជួយបណ្តុះបណ្តាលពីក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមដោះស្រាយបញ្ហាការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងនោះយោធភូមិភាគទី៥ ក៏បានត្រៀមខ្លួនរួចរាល់ក្រុមគ្រូពេទ្យ មធ្យោបាយ សម្ភារ សម្រាប់ចល័តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមតាមបទបញ្ជារបស់ថ្នាក់លើផងដែរ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានគូសបញ្ជាក់ថា ក្នុងគ្រាដ៏លំបាកនេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ ពោលត្រូវរួមគ្នា «គិត ធ្វើ ទទួលខុសត្រូវ និងដោះស្រាយ» ឱ្យបានលឿន ទាន់ពេលវេលា ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។
«ស្ថិតនៅក្នុងស្ថានភាពនេះ កងទ័ព មានភារកិច្ចចូលរួមជួយតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំកងទ័ពគ្រប់លំដាប់ថ្នាក់។ ជាពិសេសតាមបទបញ្ជារបស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ប្រើប្រាស់ឱ្យអស់លទ្ធភាព តាមសំណូមពរគណៈបញ្ជាការឯកភាពខេត្ត»។ នេះជាការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ សេង ធារិន៕