(ភ្នំពេញ)៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ (COVID-19) ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសជួយសម្រួលការលំបាក ជាមួយអាជ្ញាធរសង្កាត់បឹងសាឡាង ក្នុងការឧបត្ថម្ភ ចែកជូនពលរដ្ឋ នៅក្នុងតំបន់បិទខ្ទប់ ដោយការឆ្លងកូវីដ១៩ ក្នុងភូមិសាស្រ្តតំបន់ក្រហម នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
លោក អ៊ឹង វណ្ណារិទ្ធិ ប្រធានក្រុមហ៊ុន ជីវ៉ាយ ម៉ាស៊ីនដេរ ខូអិលធីឌី (Gvai Sewing Machine Co.,Ltd) នាំចូលម៉ាស៊ីនដេរស្វ័យប្រវត្តិ សំរាប់ឧស្សាហ៍កម្មកាត់ដេរ និង ជាអគ្គនាយកក្រុមហ៊ុន ហ្រ្គេតវ៉ាយគ្លូបលគ្រេឌីង ខូអិលធីឌី (Great Vai Global Trading Co.,Ltd) នាំចូលផលិតផល ប្រេងរំអិលម៉ាក ជឺលូ (GERLU) ផ្តាច់មុខពីប្រទេសអារ៉ាប់ (UAE) និងប្រេងជំនួយម៉ាក កាតាឃ្លីន(CATACLEAN) មកពីចក្រភពអង់គ្លេស (UK) បានឧបត្ថម្ភស្បៀងមួយចំនួន។
ស្បៀងទាំងនោះ រួមមាន៖ អង្ករផ្កាខ្ញី៥តោន, ឆៃប៉ូវផ្អែម ចំនួន២០០គីឡូក្រាម, ទឹកត្រីចំនួន១,២០០ដប, អាហារបំប៉នចំនួន២០០កំប៉ុង, ម៉ាសការពារចំនួន ២៥,០០០ម៉ាស ចែកជូនដល់ពលរដ្ឋប្រមាណ ២០០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន៖ អង្ករចំនួន២៥គីឡូក្រាម, ឆៃពៅផ្អែម១គីឡូក្រាម, ទឹកត្រី៦ដប, ម៉ាស១ប្រអប់, អាហារបំប៉នចំនួន១កំប៉ុង។
ពិធីប្រគល់ និងទទួលអំណោយខាងលើនេះ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅអាគារក្រុមហ៊ុន ជីវ៉ាយ ម៉ាស៊ីនដេរ (Gvai Sewing Machine Co.,Ltd) ក្នុងសង្កាត់បិងសាឡាង ក្រោមវត្តមានលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក, លោក កែវ សុភា អភិបាលរងខណ្ឌ, លោកចៅសង្កាត់បឹងសាឡាងនិងលោក អ៊ឹង វណ្ណារិទ្ធិ ប្រធានក្រុមហ៊ុន ជីវ៉ាយ ម៉ាស៊ីនដេរ ខូអិលធីឌី (Gvai Sewing Machine Co.,Ltd) និងជាអគ្គនាយក ក្រុមហ៊ុន ហ្រ្គេតវ៉ាយគ្លូបលគ្រេឌីង ខូអិលធីឌី (Great Vai Global Trading Co.,Ltd) និងក្រុមគ្រួសារ បុគ្គលិក។
អំណោយជាស្បៀងសង្គ្រោះបន្ទាន់ ខាងលើនេះ ត្រូវបានអាជ្ញាធរសង្កាត់ បិងសាឡាង ដឹកយកទៅចែកជូនបន្តភ្លាមៗជូនពលរដ្ឋទាំង២០០គ្រួសារ ដែលរងចាំនៅសាលាសង្កាត់បឹងសឡាង នាព្រឹកថ្ងៃដដែលនោះដែរ។
អាជ្ញាសង្កាត់ ក៏ដូចជាប្រជាពលរដ្ឋ បានបង្ហាញក្តីត្រេកអរ និងអរគុណចំពោះក្រុមហ៊ុនខាងលើ ដែលរួមសុខរួមទុក្ខ ជាមួយអាជ្ញាធរដែនដី ដែលខ្លួនមានអាជីវកម្មតាំងនៅ ពិសេសក្តីអាណិតអាសូ និងគិតគូពីការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជាប់ក្នុងតំបន់បិទខ្ទប់ ក្នុងភូមិសាស្រ្តតំបន់ក្រហម ដោយសារតែការចម្លង នៃមេរោគកូវីដ១៩ ពាក់ព័ន្ធនឹងព្រិត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលមកដល់ថ្ងៃនេះ នៅមិនទាន់បិទបញ្ចប់នៅឡើយនោះទេ។
គួររំលឹកផងថា កាលពីអំឡុងសប្តាហ៍ទី៤ នៃខែកុម្ភៈ កន្លងមកនេះ ក្រុមហ៊ុន ហ្រ្គេត វ៉ាយ គ្លូបល ត្រេឌីង និងក្រុមហ៊ុនជីវ៉ាយម៉ាស៊ីនដេរ ធ្លាប់បានចូលរួមសហការ ជាមួយអាជ្ញាធរខណ្ឌទួលគោក ដោយធ្វើសកម្មភាពជាមួយអាជ្ញាធរសង្កាត់ផ្សារដើមគរ និងគណៈកម្មការផ្សារដើមគរ ចុះចែកម៉ាស អាល់កុល របាំងមុខ ចែកជូនដោយ ឥតគិតថ្លៃ ដល់សាធារណៈជន និងអ្នកដំណើរទូទៅ ដែលធ្វើដំណើរឆ្លងកាត់មហាវិថីម៉ៅសេទុង ចំណុចក្រោមស្ពានអាកាស និងស្តុបថ្មើជើង ផ្សារដើមគរ ក៏ដូចជាអាជីវករ អ្នកលក់ដូរ ជុំវិញផ្សារដើមគរ និងផ្សារនាគមាស និងប្រជាពលរដ្ឋ ដែលជាប្រជាសហគមន៍ ក្នុងសង្កាត់ផ្សារដើមគរ មួយចំនួនទៀតផងដែរ៕