(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនស្រ្តី២នាក់ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខរោងចក្រ ប្រ៊ីលៀន ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ខណៈពួកគេកំពុងដើរលក់បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដទៅឲ្យអ្នកផ្សេងដោយខុសច្បាប់។
ស្រ្តីដែលត្រូវនគរបាលចាប់ខ្លួននោះរួមមាន៖
*ទី១ ៖ ឈ្មោះ ចាប ម៉ាលីន អាយុ៣៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ
*ទី២៖ ឈ្មោះ អ៊ុយ សុខា អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិព្រៃសណ្ដែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនឃាត់ខ្លួន ស្រ្តីសង្ស័យទាំង២នាក់ បានលក់បណ្ណសម្រាប់ចាក់វ៉ាក់សាំងចំនួន១០ច្បាប់ស្មើនឹង២០សន្លឹកទៅឲ្យឈ្មោះ ចាន ដុន ក្នុង១ច្បាប់ថ្លៃ១០,០០០រៀល។ តែទើបទទួលបានប្រាក់ពីឈ្មោះ ចន ដុន ត្រឹមតែ៦០,០០០រៀលតែប៉ុណ្ណោះ ដោយអ្នកទិញរូបនោះជំពាក់៤០,០០០រៀលសិន។
ខណៈពេលកំពុងលក់បន្តទៀត ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ ចុះទៅចាប់ខ្លួន ព្រមទាំងដកហូតបណ្ណចាក់វ៉ាក់ចំនួន១០ច្បាប់ស្មើនឹង២០សន្លឹកផងដែរ។
ចំពោះករណីនេះត្រូវបានកម្លាំងតាមដានច្រើនថ្ងៃមកហើយ រហូតដឹងច្បាស់ទើបចាប់ខ្លួនតែម្ដង ហើយក្រោយពេលចាប់ខ្លួននគរបាលនាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទី២ និងបញ្ជូនបន្តមកកាន់ជំនាញផ្នែក នៃអធិការរដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមផ្លូវច្បាប់៕