(ភ្នំពេញ)៖ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់ប្រចាំខែឧសភា សម្រាប់២សប្តាហ៍លើកទី១ ជូននិវត្តជន និងអតីតមន្ត្រីរាជការស៊ីវិល ចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។
យោងតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា «ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមប្រចាំខែឧសភា សម្រាប់២សប្តាហ៍លើកទី១ ជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ និងអតីតមន្ត្រីរាជការស៊ីវិល នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១តទៅ»។
ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ និវត្តជន និងអតីតមន្រ្តីរាជការស៊ីវិលទាំងអស់ ត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេស។
ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹងមកបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល តាមប្រព័ន្ធទូរស័ព្ទលេខ ០២៣ ៧២៦ ៤៩១ ០២៣ ៩៨៧ ៥១២ និង ០២៣ ៩៨៧ ៥២៣៕