(កំពង់ចាម)៖ ស្ត្រីមានផ្ទៃពោះ វិជ្ជមានកូវីដ១៩ម្នាក់ បានសម្រាលកូនដោយជោគជ័យ នៅមន្ទីរពេទ្យមេគង្គ ខេត្តកំពង់ចាម។ នេះបើតាមការឲ្យដឹងពីលោក យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។
លោក យិន ស៊ីណាត បានឲ្យដឹងថា ស្ត្រីរូបនេះឈ្មោះ លីម សុខលី អាយុ៣៤ឆ្នាំ ទីលំនៅភូមិរាយប៉ាយ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម មានផ្ទៃពោះគ្រប់ខែ បានចូលមកសម្រាក នៅមន្ទីរពេទ្យខេត្តកំពង់ចាម នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២១៖៤០នាទី ដោយឈឺពោះសម្រាលកូន។
លោក យិន ស៊ីណាត បានឲ្យដឹងទៀតថា ១០នាទីក្រោយមក ក្រុមគ្រូពេទ្យ បានធ្វើតេស្ដរហ័ស ឃើញវិជ្ជមាន Covid-19 និងបានបញ្ជូនមកកាន់មន្ទីរពេទ្យមេគង្គកំពង់ចាម។ នៅវេលាម៉ោង១០៖១៥នាទី នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្ត្រីបានសម្រាលកូនតាមធម្មជាតិបានកូនប្រុសទំងន់៣២០០ក្រាម។ សម្រាប់ទារក មិនមានជំងឺកូវីដ១៩នោះឡើយ ក្រោយក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្ត។
ក្រោយសំរាល ស្ត្រី និងទារក មានសុខភាពល្អ ក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងឆ្មបជំនាញ៕