(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឧបត្ថម្ភថ្លៃស្បៀងអាហារ ទឹកស្អាត និងថ្លៃអគ្គិសនី ជូនក្រុមគ្រួសារដែលរស់នៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ, ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ដែលមានជីវភាពខ្វះខាត ចាប់ពីជិត១៦ម៉ឺនរៀល ដល់ជាង៣០ម៉ឺនរៀល។ ក្នុងនោះកម្មករកម្មការិនីម្នាក់ ក៏ទទួលបានការឧបត្ថម្ភរួម១៦ម៉ឺនរៀលផងដែរ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ឲ្យអនុវត្តកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» ដើម្បីជួយគាំទ្រគ្រួសារប្រជាពលរដ្ឋ ដែលមានកម្រិតជីវភាពទាប និងជួបប្រឈម នឹងការលំបាកក្រោយការអនុវត្ត វិធានការបិទខ្ទប់ ជាលក្ខណៈទ្រង់ទ្រាយធំ និងការផ្តល់ជំនួយសង្គមជាសាច់ប្រាក់ សម្រាប់គ្រួសារដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១។
គ្រួសារប្រជាពលរដ្ឋគោលដៅ នៅរាជធានីភ្នំពេញ, ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ដែលទទួលបានការឧបត្ថម្ភនេះ រួមបញ្ចូលនូវ៖ គ្រួសារអ្នកបើកបរ, កម្មករសំណង់, អ្នកលក់ដូរតាមផ្លូវ, បុគ្គលិកលក់ដូរតាមផ្សារ, អ្នករើសសំរាម និងអ្នកធ្វើការផ្នែកសេវាកម្សាន្តជាដើម ដែលនឹងទទួលបានការវាយតម្លៃ ដោយអាជ្ញាធរមូលដ្ឋាន ដោយមានការគាំទ្រពីកម្លាំងស្ម័គ្រចិត្ត ក្រោមការចាត់ចែង និងសម្របសម្រួលដោយក្រសួងផែនការ តាមរយៈការធ្វើកិច្ចសម្ភាស តាមទូរស័ព្ទ សម្រាប់តំបន់ដែលមិនទាន់មានសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ ឬតាមរយៈការធ្វើកិច្ចសម្ភាសន៍ផ្ទាល់មុខ សម្រាប់តំបន់ដែលមានសុវត្ថិភាព ពីការឆ្លងជំងឺកូវីដ-១៩ ។
រាជរដ្ឋាភិបាលបានកំណត់ថា គ្រួសារប្រជាពលរដ្ឋគោលដៅនៅរាជធានីភ្នំពេញ, ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ដែលត្រូវបានកំណត់អត្តសញ្ញាណ នឹងទទួលបានរបបឧបត្ថម្ភជាសាច់ប្រាក់ សម្រាប់ជួយសម្រាលបន្ទុកថ្លៃស្បៀងអាហារ និងសម្រាប់ជួយបង់ថ្លៃទឹកស្អាត និងអគ្គិសនី ក្នុងកម្រិតអប្បបរមា សរុបមួយលើកគត់ តាមរយៈធនាគារវីង (Wing) ទៅតាមទំហំគ្រួសារ។
ក្នុងនោះសមាជិកគ្រួសារម្នាក់ បូកបញ្ចូលទាំងថ្លៃស្បៀងអាហារ, ថ្លៃទឹកស្អាត២ខែ និងថ្លៃអគ្គិសនី២ខែ ទទួលបានប្រាក់សរុបចំនួន១៥៦,០០០រៀល។ សមាជិកគ្រួសារ ២-៣នាក់ បូកបញ្ចូលទាំងថ្លៃស្បៀងអាហារ, ថ្លៃទឹកស្អាត២ខែ និងថ្លៃអគ្គិសនី២ខែ ទទួលបានប្រាក់សរុបចំនួន២៤៣,៧០០រៀល។ សមាជិកគ្រួសារ៤នាក់ឡើង បូកបញ្ចូលទាំងថ្លៃស្បៀងអាហារ, ថ្លៃទឹកស្អាត២ខែ និងថ្លៃអគ្គិសនី២ខែ ទទួលបានប្រាក់សរុបចំនួន៣១១,០០០រៀល។
សម្រាប់កម្មករ-និយោជិត បម្រើការនៅតាមរោងចក្រ-សហគ្រាស នៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់, ស្បែកជើង និងកាបូប នៅក្នុងតំបន់បិទខ្ទប់ ដូចបានកំណត់ខាងលើ នឹងទទួលបានការឧបត្ថម្ភមួយលើកគត់ ចំនួន១៦ម៉ឺនរៀល/ម្នាក់ ដែលនឹងត្រូវបានផ្តល់ជូន តាមរយៈយន្តការមានស្រាប់ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងអនុវត្តផ្តល់ជំនួយគាំទ្រសម្រាប់ករណីព្យួរការងារបណ្តោះអាសន្ន។
ដោយឡែក សម្រាប់គ្រួសារប្រជាពលរដ្ឋដែលមានបណ្ណសមធម៌ ប្រភេទ «ក្រ-១» និង «ក្រ-២» នៅក្នុងតំបន់បិទខ្ទប់ដូចបានកំណត់ខាងលើ និងដែលកំពុងបន្តទទួលបាននូវជំនួយឧបត្ថម្ភជាសាច់ប្រាក់ សម្រាប់ទ្រទ្រង់ជីវភាពពីរដ្ឋជារៀងរាល់ខែ គឺនឹងមិនទទួលបាននូវរបបជំនួយឧបត្ថម្ភបន្ថែមទៀតទេ។
សូមជម្រាបថា នេះគឺជាការឧបត្ថម្ភជាសាច់ប្រាក់បន្ថែមរបស់រាជរដ្ឋាភិបាល ខណៈស្បៀងអាហារ រួមមាន អង្ករ, មី, ត្រីខកំប៉ុង, ទឹកត្រី និង/ឬ ទឹកស៊ីអ៊ីវ នៅតែបន្ដឧបត្ថម្ភជូនដល់គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ, ប្រជាពលរដ្ឋក្រីក្រ, កម្មករ-និយោជិត និងគ្រួសារប្រជាពលរដ្ឋផ្សេងទៀត ដែលមានកម្រិតជីវភាពទាប និងជួបប្រឈមនឹងការលំបាក ហើយកំពុងរស់នៅក្នុងតំបន់ភូមិសាស្រ្តបិទខ្ទប់ដដែល៕