(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការរឹតបន្ដឹងការអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ចំពោះបុគ្គលល្មើសស្របតាមច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
ក្នុងសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា កន្លងមកដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ដូចជា កាតព្វកិច្ចពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព, បម្រាមគោចរចន្លោះម៉ោង ២០ ដល់ម៉ោង ៣ ទៀបភ្លឺ, ផ្អាកការលក់គ្រឿងស្រវឹង, កំណត់ការលក់ដូរ ជាលក្ខណៈវេចខ្ចប់, ផ្លាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយ និងផ្លាករាល់ការជួបជុំប្រមូលផ្តុំមនុស្សច្រើន ជាដើម។
ជាការកត់សម្គាល់ ប្រជាពលរដ្ឋភាគច្រើនលើសលប់ បានចូលរួមអនុវត្តវិធានការខាងលើនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋមួយចំនួនតូច មិនបានយកចិត្តទុកដាក់ និងមានការធ្វេសប្រហែស ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ ស្របពេលស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាលបន្តិច យុវជន-យុវនារីខ្លួន បានបំពានវិធានការ ផ្អើនបម្រាម និងមិនព្រមចូលរួមសហការឡើយ។
ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ ជាគោលការណ៍អនុវត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តែងតែប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ និងការអត់ធ្មត់ខ្ពស់ ដោយប្រើប្រាស់យន្តការផ្សព្វផ្សាយ និងការអប់រំ។
ចំពោះមុខ ដើម្បីឈានទៅគ្រប់គ្រងបានទាំងស្រុងនូវ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវជំរុញការអនុវត្តវិធានការនានា ឱ្យកាន់តែមានប្រសិទ្ធភាព ដោយត្រូវរឹតបន្តឹងការអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះបុគ្គលល្មើស ដែលបំពានវិធានការរបស់អាជ្ញាធរមូលដ្ឋាន ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដោយគ្មានការលើកលែងឡើយ។
រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជន-យុវនារីទាំងអស់ នឹងបន្តរួមគ្នាអនុវត្តរាល់ វិធានការចាំបាច់ ដែលបានដាក់ចេញ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការឆាប់វិលត្រឡប់នៃប្រក្រតីភាពជីវភាពរស់នៅ និងដើម្បីចៀសផុត ពីការផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ចំពោះ ការបំពានវិធានការរបស់អាជ្ញាធរមូលដ្ឋាន ដូចបានជម្រាបជូនក្នុងខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាព៕