(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីករណីស្ត្រីជនជាតិខ្មែរម្នាក់ ស្លាប់ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកពញាក្រែក។
រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ដែលស្លាប់នេះ មានឈ្មោះ កង ហ៊ាន ភេទស្រី អាយុ ៧០ឆ្នាំ អាសយដ្ឋាននៅភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានស្លាប់ដោយជំងឺកូវីដ-១៩ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២៖៤០នាទី រសៀល ក្នុងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៃមន្ទីរពេទ្យបង្អែកពញាក្រែក។
ប្រវត្តិរបស់អ្នកជំងឺ ឈ្មោះ កង ហ៊ាន នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ អ្នកជំងឺមានការៈក្តៅខ្លួន និងឈឺក្បាល ហើយបានហៅគ្រូពេទ្យ មកដាក់សេរ៉ូមនៅផ្ទះ។ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដោយមានអាការៈមិនស្រួល បានហៅ Pass App របស់ឈ្មោះ ផល្លី ដឹកមកសម្រាកព្យាបាលនៅគ្លីនិកផ្សារស្ទឹង។ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ អ្នកជំងឺបានចេញពីគ្លីនិកផ្សារស្ទឹង មកផ្ទះវិញដោយជិះ Pass App ដដែល។
នាថ្ងៃដដែលដោយអ្នកជំងឺមានការៈមិនស្រួល ក៏បានហៅរថយន្តរបស់គ្លីនិកផ្សារស្ទឹង ដឹកទៅមន្ទីរពេទ្យខេត្តកំពង់ចាម ពេលដែលទៅដល់ខាងមន្ទីរពេទ្យ
មិនទទួលក៏ត្រឡប់មកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែកវិញ បន្ទាប់មកក្រុមគ្រូពេទ្យ បានពិនិត្យយកសំណាករកមេរោគកូវីដ-១៩ ជាលទ្ធផលវិជ្ជមានកូវីដ-១៩។
ដោយស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរ តម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម តែទោះបីជាក្រុមគ្រូពេទ្យបានខិតខំ ជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយអ្នកជំងឺបាន ហើយស្ថានភាព អ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្តាលឲ្យអ្នកជំងឺបានស្លាប់បាត់បង់ជីវិត។
ការសន្និដ្ឋាន៖ តាមការសន្និដ្ឋាន និងរោគវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យ អ្នកជំងឺ ឈ្មោះ កង ហ៊ាន បានស្លាប់ ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺកូវីដ-១៩។
សពរបស់អ្នកជំងឺនេះ ត្រូវបានរៀបចំទុកដាក់ទៅតាមលក្ខណៈបច្ចេកទេសវេជ្ជសាស្ត្រ រួចបញ្ជូនដោយរថយន្តគិលានសង្គ្រោះទៅបូជានៅវត្តសមាធិ នៅភូមិទួលអង្រឹង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
រដ្ឋបាលខេត្ត សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព៕