(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់អំពីហេតុការណ៍ ដែលកម្មករ-កម្មការិនីរោងចក្រតម្លើងទោចក្រយាន អេ អេន ជេ (A and J) ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង១ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត នាំគ្នាសម្រុកចេញពីរោងចក្រ មិនស្ដាប់ការណែនាំរបស់អាជ្ញាធរ ពាក់ព័ន្ធការយកសំណាកពិនិត្យរកជំងឺកូវីដ១៩។ នេះបើតាមបើសេចក្តីប្រកាសព័ត៌មាន របស់សាលាខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ មានកម្មករម្នាក់ធ្វើការនៅក្នុងរោងចក្រតម្លើងទោចក្រយាន អេ អេន ជេ (ខេមបូឌា) ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង១ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ដោយមានអាការសង្ស័យចូលក្នុងនិយមន័យកូវីដ-១៩ បានស្ម័គ្រចិត្តទៅយកវត្ថុវិភាគសំណាកធ្វើតេស្តរហ័ស នៅប៉ុស្តិ៍យកសំណាកក្រុងបាវិត ជាលទ្ធផលវិជ្ជមានកូវីដ-១៩។

ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ខេត្ត សហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានចុះយកវត្ថុវិភាគសំណាក អ្នកប៉ះពាល់ផ្ទាល់ចំនួន ០៩នាក់ លទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន០៣នាក់ នៅក្នុងរោងចក្រខាងលើ។ ក្រុមការងារបានបន្តយកវត្ថុវិភាគសំណាកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩នៅអគារផ្នែកខាងមុខ ចំនួន១៤៥នាក់ ជាលទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន៥៤នាក់ បន្ទាប់មកក្រុមការងារបានសហការជាមួយរោងចក្រ ធ្វើការស្រាវជ្រាវ រកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលនៅអគារផ្សេងទៀត ដើម្បីធ្វើការវាយតម្លៃកម្រិតហានិភ័យ នៃការឆ្លងក្នុងរោងចក្រទាំងមូល។

ប៉ុន្តែដោយសារមានការភិតភ័យ និងស្របពេលដល់ម៉ោងចេញពីធ្វើការ បងប្អូនកម្មករ កម្មការិនីនៅអគារដទៃទៀត ក៏បាននាំគ្នាចេញពីរោងចក្រ ទោះបីជាក្រុមការងារ បានខិតខំពន្យល់ណែនាំពីការយកវត្ថុវិភាគសំណាករកមេរោគកូវីដ-១៩ ណែនាំអំពីការថែទាំសុខភាព និងផលប៉ះពាល់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងការធ្វើចត្តាឡីស័កតាមដានសុខភាព ប៉ុន្តែបងប្អូនជឿតាមការញុះញង់ និងការបំផុសបំផុល ក៏បាននាំគ្នាធ្វើដំណើរចេញពីរោងចក្រតែម្តង។

ផ្អែកតាមស្ថានភាពនេះ រដ្ឋបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់គ្រប់គ្រងបងប្អូនកម្មករ កម្មការិនី ដែលបម្រើការងារនៅរោងចក្រ តម្លើងទោចក្រយាន អេ អេន ជេ (ខេមបូឌា) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ១ ដែលចេញពីរោងចក្រមុនការពិនិត្យវាយតម្លៃលើកម្រិតហានិភ័យ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តម្រូវឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន និងត្រូវតាមដានសុខភាពជាប្រចាំ។

ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក, ពិបាកដកដង្ហើមសូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧/០៤៤ ៧១២ ៥២២៕

ទស្សនាវិដេអូទី១៖ អាជ្ញាធរព្យាយាមពន្យល់ឲ្យត្រឡប់ទៅវិញ និងពន្យល់អំពីការយកសំណាក
https://t.me/freshnewsasia/58455

ទស្សនាវិដេអូទី២៖ កម្មករមិនស្តាប់ការណែនាំសម្រុកចេញពីរោងចក្រ (A and J)
https://t.me/freshnewsasia/58401