(សៀមរាប)៖ ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយ បានបន្តដាក់ពាក្យស្នើសុំកូនឈើ ដើម្បីយកទៅដាំនៅតាមដីចម្ការ និងដីភូមិ ទៅតាមតម្រូវការជាក់ស្ដែង ជាក់ស្ដែងនៅក្នុងសប្ដាហ៍នេះ អាជ្ញាធរជាតិអប្សរាបានបែកចែកកូនឈើសរុប ២,០៦០ដើម ប្រគេនថ្វាយព្រះសង្ឃ និងជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តសៀមរាប។
ព្រះសង្ឃ និងប្រជាពលរដ្ឋដែលទទួលបានដើមឈើពីអាជ្ញាធរជាតិអប្សរា ក្នុងនោះរួមមាន៖
ទី១៖ ផ្តល់កូនឈើជូនលោក ម៉ោល អ៉ី នាយកសាលាបឋមសិក្សាអំពិលពាមចំនួន ២០០ដើម ដើម្បីយកទៅដាំជុំវិញបរិវេណសាលារៀន ស្ថិតនៅភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះ រួមមាន គគីរ ៥០ដើម ធ្នង់ ៥០ដើម គ្រញូង ៥០ដើម និងរំដួល ៥០ដើម។
ទី២៖ ផ្តល់កូនឈើជូនលោក ប្រាក់ សុដេត តំណាងរដ្ឋបាលឃុំល្វាចំនួន ៨០០ដើម ដើម្បីយកទៅដាំនៅជុំវិញស្រះសហគមន៍ ស្ថិតនៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះ រួមមាន គ្រញូង ២០០ដើម បេង ១០០ដើម ធ្នង់ ១០០ដើម ច្រេស ២០០ដើម និងគគីរ ២០០ដើម។
ទី៣៖ ផ្តល់កូនឈើជូនតំណាងព្រះតេជគុណ ឡាច លាង ព្រះអនុគណក្រុងសៀមរាបចំនួន ១,០០០ដើម ដើម្បីយកទៅដាំនៅតាមទីវត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប។ កូនឈើទាំងនោះ រួមមាន ត្របែកព្រៃ ៥០ដើម រំដួល ១០០ដើម គ្រញូង ២០០ដើម ធ្នង់ ១០០ដើម ច្រេស ៥០ដើម ឈើទាល ២០០ដើម គគីរ ២០០ដើម និងកកោះ ១០០ដើម។
ទី៤៖ ផ្តល់កូនឈើជូនតំណាងព្រះតេជគុណ ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកចំនួន ៦០ដើម ដើម្បីយកទៅដាំនៅក្នុងទីធ្លាវត្ត រួមមាន គ្រញូង ១០ដើម ធ្នង់ ២០ដើម បេង ១០ដើម និងច្រេស ២០ដើម៕