(ភ្នំពេញ)៖ កងទ័ពមួកខៀវ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ សម្រាប់ថ្ងៃទី៣ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ផ្សារដេីមគ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយទីតាំងចាក់វ៉ាក់សាំងស្ថិតក្នុងសាលាបឋមសិក្សាបឹងសាឡាង ខណៈតំបន់ក្រហមមានប្រជាពលរដ្ឋជាង ៨០ម៉ឺននាក់ បានចាក់វ៉ាក់សាំង។
គិតចាប់ពីថ្ងៃទី២៥ មកដល់ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យរបស់កងទ័ពមួកខៀវ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ សរុបចំនួន ៩,២៥៩នាក់ ស្រី៤,៥៥៥នាក់។
ក្នុងដំណេីរការចាក់ដូសទី២ បានចាប់ផ្តើមកាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក៏បានអញ្ជេីញចុះពិនិត្យអំពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្រោមការកិច្ចសហការរវាងក្រុមគ្រូពេទ្យកងទ័ពមួកខៀវ ជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វេីឱ្យការរៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រកបដោយសណ្តាប់ធ្នាប់ និងអនុវត្តនូវវិធានការសុខាភិបាលយ៉ាងខ្ពស់ ដេីម្បីបង្ការពីការឆ្លងជំងឺកូវីដ១៩។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា ការចាប់ផ្តេីមចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ចំនួន២ និងទីតាំងតែមួយប៉ុណ្ណោះ ខណៈប្រជាពលរដ្ឋសរុបដែលនឹងត្រូវចាក់វ៉ាក់សាំងមានចំនួនជាង ២ម៉ឺននាក់។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានកត់សម្គាល់ឃើញពីការប្រឹងប្រែងរបស់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបំពេញការងារយ៉ាងសស្រាក់សស្រាំ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានតាមផែនការ ទោះបីជាតំបន់ចាក់វ៉ាក់សាំងនោះ បានប្រែក្លាយមកជាតំបន់មិនមានហានិភ័យខ្ពស់ ដោយសារនេះជាឧបករណ៍សំខាន់ប្រឆាំងនឹងជំងឺកូវីដ១៩។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលត្រូវទទួលដូសទី២ សូមមេត្តាទៅទទួលតាមកាលបរច្ឆេទកំណត់ ដេីម្បីធានាបាននូវប្រសិទ្ធភាពនៃវ៉ាក់សាំង។
បើតាមវរសេនីយ៍ឯកវេជ្ជបណ្ឌិត មាឃ ទឹមចិន្តា ប្រធានក្រុមគ្រូពេទ្យទទួលបន្ទុកចាក់វ៉ាក់សាំង នៅទីតាំងសាលាបឋមសិក្សាបឹងសាឡាង ខណ្ឌទួលគោក នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែឧសភានេះថា ក្រោមការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រោមការចង្អុលបង្ហាញរបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី គឺក្រុមគ្រូពេទ្យកងទ័ពមួកខៀវទាំងអស់ បានខិតខំបំពេញភារកិច្ចដែលថ្នាក់លើប្រគល់ជូនដោយយកចិត្តទុកដាក់បំផុត។
បើតាមវរសេនីយ៍ឯកវេជ្ជបណ្ឌិត មាឃ ទឹមចិន្តា បានបន្តថា ដោយឡែកសម្រាប់ក្រុមគ្រូពេទ្យដែលបំពេញភារកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនាពេលនេះ គឺសុទ្ធសឹងតែក្រុមគ្រូពេទ្យដែលធ្លាប់ចេញទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិ នៅប្រទេសដែលហួងហែងដោយសារតែភ្លើងសង្គ្រាមស៊ីវិលផងដែរ។
លោកវរសេនីយ៍ឯក បានឱ្យដឹងថា ប្រជាពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំងទាំងដូសទី១ និងទី២ សុទ្ធតែបានបង្ហាញការរីករាយ និងបានអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានស្វះស្វែងរកវ៉ាក់សាំង ហើយផ្តល់អាទិភាពចាក់សម្រាប់អ្នកតំបន់ក្រហម។ ប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារចាក់វ៉ាក់សាំង ដែលបានយកចិត្តទុកដាក់ខ្ពស់លើការងារចាក់វ៉ាក់សាំងជូនពួកគេ។
បើទោះបីបានចាក់វ៉ាក់សាំងរួចរាល់ទាំងពីរដូសយ៉ាងណាក្តីលោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យបន្តស្មារតីអនុវត្តវិធានទាំងឡាយរបស់ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍សម្តេចតេជោ «៣កុំ ៣ការពារ» ដើម្បីធានាថាមិនឆ្លងជំងឺកូវីដ១៩។
យោងតាមរបាយការណ៍ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញថា ការចាក់វ៉ាក់សាំងនៅតំបន់ក្រហម រយៈពេល ២៦ថ្ងៃកន្លងទៅនេះ ការចាក់ដូសទី១ ចាក់បានសរុបចំនួន ៨០៩,៥៧៩នាក់ ស្រី ៤៧៤,៦៨០នាក់។ ដោយឡែកអ្នកចាក់ដូសទី២ ចាក់បាន ៤៧៤,៦៨០នាក់ ស្រី ២៤៦,២៨២នាក់។
តំបន់ក្រហមដែលកងទ័ពកំពុងប្រតិបត្តិការចាក់វ៉ាក់សាំងនេះរួមមាន៖ ខណ្ឌមានជ័យ, ខណ្ឌដង្កោ, ខណ្ឌកំបូល, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក៕