(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគថវិកា១លានដុល្លារសហរដ្ឋអាមេរិក ជូនកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី២៧ ឧសភា ២០២១ សម្រាប់សាងសង់លំនៅឋានជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជាមានប្រសាសន៍៖«នេះគឺការរួមចំណែកដ៏វិសេសវិសាលរបស់ជីប ម៉ុង ជាពិសេសសម្រាប់លើកស្ទួយ ដល់អតីតយុទ្ធជនក្រីក្រ និងមានពិការភាពដែលជាអ្នកងាយរងគ្រោះបំផុត»។
អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង មានប្រសាសន៍ថា៖ « ជីប ម៉ុង តែងតែរួមចំណែកយ៉ាងសកម្មជាមួយកាកបាទក្រហមកម្ពុជាលើ សកម្មភាពមនុស្សធម៌។តួយ៉ាងថ្ងៃនេះ ជីប ម៉ុង បានបរិច្ចាគ១លានដុល្លារ ចូលរួមជាមួយកាកបាទក្រហមកម្ពជាសាងសង់លំនៅឋាន ជូនអតីតយុទ្ធជនក្រីក្រ និងមានពិការភាពដែលបានលះបង់យ៉ាងធំធេង ការពារបូរណភាពទឹកដី»។
គួរបញ្ជាក់ថាកាលពីថ្ងៃទី៥ ឧសភា ២០២១ ក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគថវិកា៥៣ម៉ឺនដុល្លារអាមេរិកជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយគ្រោះមហន្តរាយផ្សេងៗ។
ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រុមហ៊ុន ជីប ម៉ុង ក៏បានឧបត្ថម្ភថវិកាចំនួន៧៣ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិផងដែរ៕