(ភ្នំពេញ)៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ចេញផ្សាយនូវវីដេអូអប់រំថ្មីមួយទៀត ក្រោមចំណងជើងថា «យើងត្រូវរៀនរស់ក្នុងជីវភាពធម្មតាតាមបែបគន្លងថ្មីក្នុងសម័យកូវីដ ១៩»។ វីដេអូនេះ មានរយៈពេល១២នាទី និង៣៣វិនាទី។
វីដេអូនេះបានផលិតឡើង ក្នុងគោលបំណងបន្តអប់រំ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យបន្តចូលរួមក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ជាពិសេស ការរៀនរស់នៅជាមួយកូវីដ-១៩ ទៅមុខទៀតនេះ និងបានបញ្ជាក់ថា ពិភពលោកយើងនេះប្រហែលជាត្រូវបន្តរស់នៅយូរអង្វែងតទៅទៀតជាមួយជំងឺកូវីដ-១៩ ពីព្រោះជំងឺឆ្លងសកលដ៏កាចសាហាវមួយនេះមិនទាន់ទៅណាឆ្ងាយពីភពផែនដីយើងនៅឡើយនោះទេក្នុងរយៈពេលខ្លីឬមធ្យមខាងមុខនេះគួបផ្សំនឹងការ បំលែងខ្លួននៃវិរុសនេះទៅជាទំរង់ថ្មីៗថែមទៀតនោះ។
ថ្វីត្បិតតែយើងមិនទាន់អាចកម្ចាត់ចោលជំងឺនេះទាំងស្រុងបាន ប៉ុន្តែយើងក៏មិនអាចរត់គេចពីវាបានរហូតដែរ។ ជាក់ស្តែង នៅក្នុងប្រទេសកម្ពុជា យើង ការដកចេញវិញនូវវិធានការបិទខ្ទប់ លើកលែងតែក្នុងករណីឆ្លងរាលដាលថ្មីនៅទីតាំងមួយចំនួន, ការបិទបញ្ចប់បំរាមគោចរ និងការអនុញ្ញាតឲ្យមុខរបរអាជីវកម្មមួយចំនួនធំដែល ពាក់ព័ន្ធនឹងសេចក្តីត្រូវការចាំបាច់នៃជីវភាពប្រជាពលរដ្ឋ អាចដំណើរការឡើងវិញជាធម្មតា មិនមែនមានន័យថា ស្ថានភាពកូវីដ ១៩ ត្រូវបានបិទបញ្ចប់នោះទេ។ ជំងឺនេះនៅតែមានលាក់ខ្លួននៅគ្រប់ទិសទី និងអាចឆ្លងមក យើងបានគ្រប់ពេល និងគ្រប់ទីកន្លែងឲ្យតែយើងភ្លេចខ្លួនប្រហែសតែបន្តិច។ ស្ថានភាពនេះទាមទារឲ្យយើងទាំងអស់គ្នាត្រូវតែរៀនរស់ក្នុងជីវភាពធម្មតាតាមបែបគន្លងថ្មីក្នុងសម័យកូវីដ១៩។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នូវបានបន្ថែមខ្លឹមសារទៀតថា កូវីដ ១៩ បានចូលមកផ្លាស់ប្តូរទម្លាប់នៃការរស់នៅរបស់មនុស្សនៅលើភពផែនដីទាំងមូល។ អំណឹះតទៅ មនុស្សត្រូវតែរស់នៅក្នុងវិន័យ ត្រូវរៀនផ្លាស់ប្តូរទំលាប់ ហើយក៍ត្រូវធ្វើការកម្រិតសេរីភាពរបស់ខ្លួនអោយបានខ្លាំងជាងមុនដើម្បីរក្សាអាយុជីវិត រក្សាការងារនិងរក្សាមុខរបរអាជីវកម្មរបស់ខ្លួនព្រោះរហូតមកដល់បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្រក្នុងពិភពលោកនៅតែមិនទាន់រកឃើញនៅឡើយនោះទេ នូវថ្នាំសំរាប់ព្យាបាលជម្ងឺដ៍កាចសាហាវនេះ។ ដូច្នេះ ការពាក់ម៉ាស់ជាប្រចាំ, ការរក្សាគម្លាតសុវត្ថិភាពសង្គម និងការលាងដៃជាមួយសាប៊ូឬអាល់កុលជាញឹលញាប់ ជាពិសេសការកាត់ផ្តាច់ទំនាក់ទំនងរវាងមិត្តភ័ក្តិ បងប្អូន គឺជាបែបផែនរស់នៅដ៏លំបាក។ ប៉ុន្តែយើងគ្រប់គ្នាពិតជាគ្មានជម្រើសឡើយក្រៅពីត្រូវតែរៀនរស់ក្នុង ស្ថានភាពថ្មីនេះឲ្យបានដើម្បីរក្សាលំនឹងជីវភាពគ្រួសារផង និងចៀសផុតពីការឆ្លងជំងឺផង។ នេះហើយដែលហៅថា ការរស់នៅក្នុងជីវភាពធម្មតាតាមបែបគន្លងថ្មីក្នុងសម័យកូវីដ-១៩។ វាពិតជាពិបាកបន្តិចមែន ប៉ុន្តែការបណ្តោយខ្លួនឲ្យឆ្លងជំងឺកូវីដ ១៩ វាក៏ពិតជាពិបាកជាងនេះឆ្ងាយណាស់ ហើយក៍អាចប្រឈមនឹងសេចក្តីស្លាប់គ្រប់ពេលវេលាផងដែរ៕
សូមទស្សនាវីដេអូ៖