(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោសែន ដែលការពារក្តីកញ្ញា មាន ពេជ្ររីតា សូមប្រកាសជូនសាធារណជនជ្រាបថា សំណុំរឿងកញ្ញា មាន ពេជ្ររីតា និងឧកញ៉ា ហេង សៀ បាននឹងកំពុងមានចំណាត់ការតាមនីតីវិធីនៅសាលាដំបូងរាជធានីភ្នំពេញ ខណៈកញ្ញា មាន ពេជ្ររីតា ក៏បានដាក់ពាក្យទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីទម្លាក់ការចោទប្រកាន់លើរូបនាងរួចហើយ។
ក្រុមមេធាវីការពារក្តីកញ្ញា មាន ពេជ្ររីតា សូមប្រកាសជូនសាធារណជនយ៉ាងដូច្នេះថា៖
ដោយទទួលបានព័ត៌មាន ដែលមានប្រភពពុំច្បាស់លាស់ពីមួយទៅមួយថា សំណុំរឿងដ៏កក្រើកពាក់ព័ន្ធឧកញ៉ា ហេង សៀ និងពិធីការិនី មាន ពេជ្ររីតា ត្រូវបានបញ្ចប់ស្ងាត់ៗ តាមរូបភាពចចារគ្នា។ ក្រុមមេធាវីការពារក្តីឲ្យកញ្ញា មាន ពេជ្ររីតា សុំបញ្ជាក់ថា ពុំមានករណីដូចនេះកើតឡើងនោះទេ។ បច្ចុប្បន្ននេះសំណុំរឿងលោក ហេង សៀ ប្តឹងកញ្ញា មាន ពេជ្ររីតា កំពុងធ្វើចំណាត់ការតាមនីតិវិធី ដោយចៅក្រមស៊ើបសួរជាសមត្ថកិច្ច (កញ្ញាមាន ពេជ្ររីតា បានចូលបំភ្លឺចំនួន២លើករួចហើយ ឯភាគីលោក ហេង សៀ ក៏បានចូលបំភ្លឺ១លើករួចហើយដែរ នៅចំពោះមុខចៅក្រមស៊ើបសួរ)។ ពេលនេះដោយសារពិនិត្យឃើញ មាន ពេជ្ររីតា គ្មានកំហុស មេធាវីការពារសិទ្ធិបានដាក់ពាក្យស្នើសុំ ទៅចៅក្រមស៊ើបសួរលើកលែងចោទប្រកាន់រួចហើយ។
ដោយឡែកចំពោះបណ្តឹងដែលកញ្ញា មាន ពេជ្ររីតា ប្តឹងលោកឧកញ៉ា ហេង សៀ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានព្រះរាជអាជ្ញា បង្វិលទៅស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបឋម (ភាគីដើមបណ្តឹង មាន ពេជ្ររីតា អមការពារដោយមេធាវីសម្តេចតេជោ បានចូលបំភ្លឺជូនសមត្ថកិច្ច នគរបាលរួចហើយ តែចំពោះភាគីលោក ហេង សៀ ពុំបានទទួលព័ត៌មានច្បាស់ថា សមត្ថកិច្ចហៅចូល ឬមិនទាន់ហៅចូលនៅឡើយ)។
ក្រុមមេធាវីការពារកញ្ញា មាន ពេជ្ររីតា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះចំណាត់ការនីតិវិធី លើសំណុំរឿងទាំងពីរ នេះ ។
ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ.សុំធ្វើការអំពាវនាវ ចំពោះបងប្អូនដែលនិយម Comments តាមបណ្តាញទំនាក់ទំនងសង្គម សុំមេត្តាពិនិត្យពិចារណាផ្ទៀងផ្ទាត់ព័ត៌មាន ឲ្យបានច្បាស់លាស់សិន មុនធ្វើសេចក្តីសន្និដ្ឋាន ឬវិនិច្ឆ័យ។
មនុស្សគ្រប់រូប ចង់បានណាស់ការរស់នៅដោយសុខសាន្ត ក្នុងសេចក្តីថ្លៃថ្នូរ កិត្តិយស និងយុត្តិធម៌សង្គម។ យើងមិនត្រូវប្រើមាត់ស្រែកថាចង់បាន «យុត្តិធម៌» តែបែជាប្រើដៃទទួលយក ឬការពារ «អយុត្តិធម៌» ទៅវិញនោះទេ។ បើពិតជាចង់បានយុត្តិធម៌ យើងត្រូវមានចិត្តបរិសុទ្ធ ការពារ និងទទួលយក «យុត្តិធម៌»៕