(កំពង់ឆ្នាំង)៖ ផ្លូវលំគ្រួសក្រហមនៅក្នុងឃុំផ្លូវទូកស្រុកកំពង់លែង ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រ សម្ដេច នរោត្តម សីហមុនី ដែលទើបនឹងសាងសង់រួចរាល់ ក្នុងអំឡុងឆ្នាំ២០២០កន្លងទៅ ក្នុងពេលនេះបានរងការខូចខាតដោយអន្លើៗ ប្រមាណជាង១០០ម៉ែត្រ។
ហេតុនេះហើយទើបអាជ្ញាធរឃុំផ្លូវទូក និងប្រជាពលរដ្ឋក្នុងឃុំសំណូមពរ ដល់រដ្ឋបាលខេត្ត ស្នើសុំជួយជួសជុលកំណាត់ផ្លូវ ដែលរងការខូចខាតខាងលើនេះ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរទៅមក និងការដឹកកសិផលផ្សេងៗ របស់ប្រជាពលរដ្ឋនៅទៅកាន់ទីផ្សារ។
ទាក់ទងនិងផ្លូវខាងលើនេះលោក ឆេង ភាគ មេឃុំផ្លូវទូក បាននិយាយឲ្យដឹងថា ផ្លូវលំគ្រួសក្រហមមួយខ្សែខាងលើនេះមានប្រវែ ង១៤គីឡូម៉ែត្រ គឺជាព្រះអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ព្រះបាទនរោត្ដមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលក្រុមការងារសម្ដេចឪ បានជួយកសាងនៅក្នុងអំឡុងឆ្នាំ ២០១៨ និង២០១៩។ ប៉ុន្តែដោយសារភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ បានធ្វើឲ្យផ្លូវលំខាងលើនេះ រងការខូចខាតដោយអន្លើៗជាង១០០ ម៉ែត្រ ដែលពិបាកក្នុងការធ្វើដំណើរ នៅពេលភ្លៀងធ្លាក់ម្ដងៗធ្វើឱ្យផ្លូវរអិល និងមានក្រឡុកច្រើន។
ដោយឡែកនៅក្នុងអំឡុងឆ្នាំ២០២១ អាជ្ញាធរឃុំបានរៃអង្គាសគ្នា នៅក្នុងមូលដ្ឋានជួសជុលផ្លូវខាងលើនេះអស់ទឹក ប្រាក់ចំនួន៧លានរៀលរួចម្ដងមកហើយ ប៉ុន្តែការជួសជុលនេះ មិនបានរួចរាល់ជាស្ថាពរនោះទេ គឺនៅសល់ការខូចខាតប្រមាណជាង១០០ម៉ែត្រទៀត។
សូមបញ្ជាក់ថា ឃុំផ្លូវទូក ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋរស់នៅតាមទីវាលទំនាបក្បែរទន្លេ ឃុំនេះមានចម្ងាយពីទីរួមស្រុកកំពង់លែងជិត៣០គីឡូម៉ែត្រ ដែលទើបតែទទួលបានផ្លូវគ្រួសក្រហមមួយខ្សែ ដែលធ្វើចេញពីឃុំច្រណូកទៅកាន់ឃុំផ្លូវទូកតែម្ដង។ ឃុំផ្លូវទូកនេះ មានប្រជាពលរដ្ឋរស់នៅចំនួនជាង៧០០ គ្រួសារ ក្នុងនោះភាគច្រើនត្រូវបានបន្លាស់ទីឡើងពីផ្ទះបណ្ដែតទឹក មករស់នៅលើគោកវិញ តាមការរៀបចំរបស់អាជ្ញាធរ បានរួចរាល់ជាស្ថាពរផងដែរ៕