(បាត់ដំបង)៖ គណៈបញ្ជាការកងឯកភាពស្រុកកំរៀង ដែលមានកម្លាំងកងកាពារព្រំដែនលេខ៥០៤ កងរាជអាវុធហត្ថ កម្លាំងនគបាល បានឃាត់ខ្លួនមេខ្យល់ម្នាក់ និងតៃកុងរថយន្ត២នាក់ ដែលបានដឹកនាំពលករឆ្លងដែន ដោយខុសច្បាប់ ទៅប្រទេសថៃ ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង។
ប្រតិបត្តិការបានធ្វើឡើង នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញពីលោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែន គ្រប់ប្រភេទជាពិសេសបទល្មើសនាំប្រជាពលរដ្ឋចេញ-ចូលក្នុងទឹកដីថៃដោយខុសច្បាប់។
ប្រតិបត្តការខាងលើមាន ២ករណីរួមមាន៖
* ករណីទី១ កម្លាំងធ្វើការឃាត់ខ្លួនមេខ្យល់ឈ្មោះ វង្ស ភឿត ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅក្នុង ភូមិអូរជ្រៃ ស្រុកកំរៀង និងឃាត់រថយន្តបាន១គ្រឿង ម៉ាក ហាយឡិនឌ័រពណ៌ខៀវ ស្លាកលេខភ្នំពេញ 2P:7179 បើកបរដោយឈ្មោះ គង់ ថង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ដែលបានដឹកនាំពលករចំនួន ១១នាក់ ក្នុងនោះក្មេង៤នាក់ នាំយកចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែននៅប្រទេសថៃ ហើយត្រូវបានបង្ក្រាបក្នុងភូមិសាស្ត្រក្រុមទី៦ ភូមិអូរជ្រៃ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។
* ករណីទី២ កាលពីវេលាម៉ោង ១៧៖៣០នាទីនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះកាន់ឌីណា បានយករថយន្តម៉ាកសាំយ៉ុងពណ៌ស ស្លាកលេខព្រះសីហនុ 2A: 6649 ដឹកពលករពីស្រុកក្រឡាញ់ចំនួន ១៥នាក់ ក្នុងនោះស្រី ៦នាក់ មកស្រុកកំរៀងដោយធ្វើដំណើរឆ្លងកាត់តាមទីរួមខេត្តបាត់ដំបង ឆ្ពោះទៅប៉ៃលិនចេញពីខេត្តប៉ៃលិនចូលមកដល់ភូមិសាស្ត្រខេត្តបាត់ដំបងវិញ។ នៅវេលាម៉ោង១៖០០ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ជនសង្ស័យ ឈ្មោះ កាន ឌីណា បានឲ្យពលករទាំង ១៥នាក់នោះ ចុះត្រង់ចំណុចក្បែរព្រំដែនចម្ងាយប្រហែល ១.០០០ម៉ែត្រ ពីបង្គោលសីម៉ាលេខ៦២ ស្ថិតនៅក្នុងភូមិរកាបោះ ឃុំកំរៀង ស្រុកកំរៀង ហើយជនសង្ស័យបានបើករថយន្តម៉ាកសាំយ៉ុងពណ៌សស្លាកលេខ 2A:6649 រត់គេចខ្លួន។
លុះម៉ោង ៧៖៣៦នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ កងការពារព្រំដែនលេខ៥០៤ បានឃាត់ខ្លួនពលករទាំង ១៥នាក់នោះ ដោយសារពួកគាត់ (ពលករ) បំរុងលួចឆ្លងព្រំដែនចូលទៅក្នុងប្រទេសថៃ ដោយខុសច្បាប់បន្ទាប់មកកម្លាំងកងល្បាត៥០៤ បានបញ្ជូនមកអធិការនគរបាលស្រុកកំរៀង ដើម្បីធ្វើការសាកសួរ។ នៅវេលាម៉ោង ២៖៣០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នៅចំណុចបេនឡានថ្មី ស្ថិតនៅក្នុងភូមិដូង ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថស្រុកកំរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ កាន ឌីណា ភេទប្រុស អាយុ២៥ ឆ្នាំមុខរបររត់តាក់ស៉ី រស់នៅក្នុងភូមិភ្នំមួយរយ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង វត្ថុតាងដកហូតរួមមានរថយន្តម៉ាកសាំយ៉ុងពណ៌សផ្លាកលេខព្រះសីហនុ 2A:6649 ចំនួន ១គ្រឿងដោះកៅអីចេញសម្រាប់ដឹក ។
បច្ចុប្បន្នជនសង្ស័យមានមេខ្យល់ និងតែកុងឡាន កំពុងតែកសាងសំណុំដើម្បីចាត់ការតាមនីតិវិធី ឯពលករចំនួន២៦នាក់ បានបញ្ជូនទៅស្រុកកំណើតវិញ៕