(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ គិតគូរពីជីវភាពប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងដំណាក់កាលកូវីដរាតត្បាត និងការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិចំរើនផល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ លោកបានចាត់ក្រុមការងារ នាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន២៨ គ្រួសារ។
អំណោយបានប្រគល់តាមរយៈលោក ឈាង ផាន់ណារ៉ា ប្រធានក្រុមការងារចុះជួយភូមិចំរើនផល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ លោក ហ៊ាង ថារ៉េត លោក ព្រហ្ម យ៉ុន លោក ឈឹត គឹមធុយ អនុប្រធានក្រុមការងារចុះជួយភូមិចំរើនផល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ និងក្រុមការងារគណបក្សប្រជាជនចុះជួយភូមិចំរើនផល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។
ក្នុងឱកាសនោះដែរ លោក ឈាង ផាន់ណារ៉ា បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯក ស ថេត ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ឱ្យប្រជាពលរដ្ឋត្រូវអនុវត្តតាមការណែនាំវិធានរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរ សង្កាត់-ខណ្ឌ និងក្រុមគ្រូពេទ្យ។
បន្ថែមពីនេះលោក ហ៊ាង ថារ៉េត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ និងជាពិសេសអនុវត្តវិធានការការពារពីការឆ្លងជំងឺកូវីដ១៩ ដូចខាងក្រោម៖ «៣ការពារ (ពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ និង៣កុំ (កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក, កុំទៅកន្លែងមានមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) និង២ចូលរួម (ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩, ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ១៩»។
លោកវេសេនីយ៍ឯក ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការ ចុះអប់រំផ្សព្វផ្សាយ ណែនាំ អំពីវិធានការការពារនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់ខ្លួន ធ្វើយ៉ាងណាដើម្បីទប់ស្កាត់ឱ្យបាននូវការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់យើង។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានបញ្ជាក់ថា អំណោយរបស់លោកឧត្តមសេនីយ៍ ស ថេត ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន២៨ គ្រួសារ នាពេលនេះ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ចំនួន១បាវ, មីចំនួន ២កេះ, ទឹកសុទ្ឋចំនួន ២កេះ, ត្រីខកំប៉ុងចំនួន ២យួរ, ទឹកត្រីចំនួន១យួរ, ទឹកសីអីវចំនួន១យួរ, ថវិការចំនួន ២០០,០០០រៀល (ម្ភៃមឺនរៀល) និងថវិការដល់ក្រុមយុវជន ១៤នាក់ ម្នាក់ ២ម៉ឺនរៀល៕