(ភ្នំពេញ)៖ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) បានសហការជាមួយក្រុមហ៊ុនម៉ែងហ្គោធំ រីស៊ើច & ឌីវេឡុបម៉ិន (Mango Thom) ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ រៀបចំពិធីទទួលទំនិញជើងទី១ នៃកម្មវីធី «ទិញរួមគ្នា» ដើម្បីឱ្យម្ចាស់កិដ្ឋាន អាចទិញ ជី ថ្នាំកសិកម្ម និងគ្រឿងម៉ាស៊ីនដែលមានគុណភាពខ្ពស់។
ដោយឡែកសម្រាប់តម្លៃវិញ គឺជាតម្លៃចេញរោងចក្រផ្ទាល់ ដោយគ្រាន់តែកសិករ កម្ម៉ង់ទិញទំនិញម្នាក់បន្តិចៗ ផ្តុំគ្នាបានទៅជាបរិមាណច្រើន ពេលនោះយើងអាចទិញទំនិញកសិកម្មពីរោងចក្រល្បីៗ ឈានមុខគេបានហើយ។
បើតាមលោក សួស សុផល នាយកប្រតិបតិ្តក្រុមហ៊ុន ម៉ែងហ្គោធំ រីស៊ើច & ឌីវេឡុបម៉ិន បានឱ្យដឹងថា «ផលិតផលដំបូងក្នុងកម្មវិធី «ទិញរួមគ្នា» ដែលយើងត្រូវបើកទូកុងតឺន័រ គឺប៉ាក្លូ ដែលប្រជាកសិករនិយមហៅថា អ័ម៉ូន ឈ្មោះគីមីទូទៅរបស់វាគឺ ប៉ាក្លប៊ូត្រាស៊ូល ១៥% WP។ យើងអាចរកទិញទំនិញប្រភេទនេះនៅលើទីផ្សារ ឬនៅតាមដេប៉ូលក់ថ្នាំកសិកម្មនានាបាន តំលៃរបស់វាក្នុងមួយគីឡូក្រាម ចាប់ពី ១៨,០០០ ទៅ ២០,០០០រៀល ឬអាចថ្លៃជាងនេះ តែក្នុងកម្មវិធី «ទិញរួមគ្នា» តម្លៃចេញពីរោងចក្រផ្ទាល់ គឺត្រឹមតែ ៣.៥ដុល្លារ ក្នុងមួយគីឡូក្រាម។ ដូច្នេះ កសិករ របស់យើងអាចសន្សំសំចៃបានច្រើនពីការចំណាយលើផលិតកម្ម ដែលនាំទៅរកការបង្កើតប្រាក់ចំណេញបាននៅពេលប្រមូលផល»។
ទន្ទឹមគ្នានោះដែរ លោកឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា បានលើកឡើងថា ក្នុងនាមលោកតំណាងឱ្យសហគមន៍ទូទាំងព្រះរាជាណាចក្រកម្ពុជា មានចំនួនជាង ១២០០សហគមន៍ និងមានសមាជិករាប់លាននាក់។ ដូច្នេះ អ្វីដែលធ្វើឱ្យកសិករ កាត់បន្ថយប្រាក់ចំណាយ គឺមានតែរួមគ្នាទិញធាតុចូល កាលណាយើងទិញធាតុចូល បណ្តុំជាច្រើនធ្វើឱ្យរោងចក្រ ដែលសហការជាមួយយើង គឺគេគិតតម្លៃដែលលក់ចេញពីរោងចក្រតែម្តង។ ដូចនេះគ្រប់សកម្មភាពទាំងអស់ បានចូលរួមកាត់បន្ថយចំណាយថ្លៃដើមរបស់កសិករ នេះជាអ្វីដែលសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាចង់បាន។
លោកឧកញ៉ា ហង់ សុគន្ធ បានអំពាវនាវដល់សហគមន៍ និងកសិករទូទាំងប្រទេសកម្ពុជា មេត្តាចូលរួមគ្រប់គ្នាក្នុងកម្មវិធី ទិញរួមគ្នានេះ ហើយពាក្យទិញរួមគ្នា សូមឱ្យមាននិរន្តរភាពជារៀងរហូតទៅលើសហគមន៍ទូទាំងប្រទេស ហើយថ្ងៃនេះ យើងក៏បើកទូកុងតឺន័រយកគំរូ (sample) បញ្ជូនទៅមន្ទីរពិសោធន៏កសិកម្មជាតិ ដើម្បីបញ្ជាក់គុណភាព នៃផលិតផលប៉ាក្លូនេះ ហើយលទ្ធផល នឹងត្រូវផ្សព្វផ្សាយជាសាធារណៈនៅលើបណ្តាញសង្គមរបស់យើងផងដែរ៕