(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងអ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសុខា hotel group នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យ សំដៅកំណត់ជ្រើសរើសទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងបូកគោថ្មី ស្ថិតនៅជិតប៉ុស្តិ៍ត្រួតពិនិត្យផ្លូវឡើងរមណីយដ្ឋានឋានសួគ៌បូកគោ ក្នុងឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ដែលជាជម្រើស ផ្ដល់ជូននឹងបង្ហាញដោយក្រុមហ៊ុន sokha hotel របស់អ្នកឧកញ៉ា សុខ គង់។
ក្នុងដំណើរចុះពិនិត្យទីតាំងក្រុងបូកគោថ្មីនោះ លោក ជាវ តាយ បានបញ្ជាក់ថា ការចុះមកពិនិត្យ និងការជ្រើសរើសរកទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងបូកគោ នេះ គឺផ្អែកតាមអនុសាសន៍ណែនាំ នៅក្នុងកិច្ចប្រជុំលើកទី២ តាមរយៈវីដេអូ ZOOm របស់លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំ និងដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ដោយធ្វើយ៉ាងណា ឱ្យរដ្ឋបាលខេត្តកំពត មានកិច្ចសហការ និងដាក់សំណើទៅក្រុមហ៊ុន sokha hotel ដើម្បីជ្រើសរើសកំណត់ទីតាំងឲ្យបានជាក់លាក់ ក្នុងដំណើរការសាងសង់អគាររដ្ឋបាលរបស់ក្រុងបូកគោ រួមនិងហេដ្ឋារចនាសម្ព័ន្ធ ឱ្យមានលក្ខណៈសមរម្យងាយស្រួល បំរើសេវាជូនប្រជាពលរដ្ឋបានល្អ ក៏ដូចជាការងារដឹកនាំក្នុងកិច្ចអភិវឌ្ឍ ក្នុងតំបន់ដែលមានសក្ដានុពលនេះផងដែរ។
លោក ជាវ តាយ ក៏បានសំណូមពរ ដល់អ្នកឧកញ៉ា សុខ គង់ ស្នើឲ្យមានកិច្ចសហការផ្តល់លទ្ធភាព ដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ដើម្បីធ្វើយ៉ាងណា ឱ្យបានដំណើរការសាងសង់អាគាររដ្ឋបាលក្រុងបូកគោ បានលេចចេញជារូបរាងឡើងឆាប់ៗ នាថ្ងៃខាងមុខនេះ។
ក្នុងឱកាសនោះ លោកអ្នកឧកញ៉ា សុខ គង់ ក៏បានសម្ដែងការស្វាគមន៍ និងចូលរួមកិច្ចសហការគាំទ្រ ចំពោះដំណើរការសាងសង់អគាររដ្ឋបាលក្រុងបូកគោ ខេត្តកំពតនេះ ឲ្យបានឆាប់នៅពេលខាងមុខនេះដែរ ដោយអ្នកឧកញ៉ា សុខ គង់ បានបង្ហាញទីតាំងដីដែលជាជម្រើសការសាងសង់ គឺនៅទីតាំងស្នាក់ការចាស់របស់មន្ទីរបរិស្ថានខេត្តកំពត ជាប់នឹងផ្លូវនៅជិតប៉ុស្តិ៍ត្រួតពិនិត្យឡើងទៅរមណីយដ្ឋានឋានសួគ៌បូកគោ ស្ថិតក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការ ក៏បានផ្ដល់អនុសាសន៍ណែនាំ ដល់ក្រុមការងារគណៈកម្មការថ្នាក់ជាតិ និងថ្នាក់ខេត្តរួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវខិតខំយកចិត្តទុកដាក់ជំរុញអនុវត្តការងារចំពោះមុខនេះ ដូចជាការរៀបចំសំណើរសុំសមាសភាពគណៈអភិបាល សមាសភាពមន្រ្តីរាជការតាមរចនាសម្ព័ន្ធរដ្ឋបាលក្រុង ឲ្យមានចំនួនសមរម្យល្មមទៅទំហំការងារ ហើយជំហានដំបូងត្រូវផ្ដល់អាទិភាពដល់មន្ត្រី ដែលរស់នៅក្នុងមូលដ្ឋាននេះស្រាប់ និងរកពីកន្លែងបណ្ដោះអាសន្ន សម្រាប់ដំណើរការរដ្ឋបាលក្រុង។
ចំពោះទីតាំងសាងសង់អាគាររដ្ឋបាលគួរអនុវត្តលើប្លង់គោលមេ មានការប្រមូលផ្ដុំការិយាល័យចំណុះក្នុងអាគាររដ្ឋបាលតែមួយ និងមានការគិតគូរទីតាំងទុកដីសម្រាប់ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល នៅពេលការអភិវឌ្ឍន៍ រីកចម្រើនខាងមុខបន្តទៀត។ ដោយឡែក ទីតាំងសម្រាប់អធិការដ្ឋាននគរបាលក្រុង ក៏គួរយកទីតាំងឱ្យបានសមរម្យដាច់ដោយឡែកពីសាលាក្រុងសម្រាប់បម្រើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អ៕