(ភ្នំពេញ)៖ ក្នុងឱកាសគម្រប់ខួប៦០ ឆ្នាំរបស់ខ្លួន AUF កំពុងសហការជាមួយ TV5MONDE, France Médias Monde (RFI, France ២៤, Monte Carlo Doualiya) និង L'Orient-Le Jour ដើម្បីរៀបចំការប្រកួតជាអន្តរជាតិ «៦០វិនាទីដើម្បីបញ្ចុះបញ្ចូល» ក្នុងគោលដៅលើកកម្ពស់សមត្ថភាពច្នៃប្រឌិត និងស្មារតីសហគ្រិនភាពរបស់និស្សិតនៃសាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាជាសមាជិករបស់ខ្លួន។

សាកលវិទ្យាល័យកាន់តែច្រើនឡើងៗ ចង់អភិវឌ្ឍវប្បធម៌សហគ្រិនភាព សម្រាប់និស្សិត និងបញ្ចូលជំនាញនេះទៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួន។ AUF គាំទ្រស្ថាប័នជាសមាជិករបស់ខ្លួននៅក្នុងដំណើរការនេះ និងអនុវត្តគម្រោងនានា ដែលមានគោលបំណងសម្រេចឲ្យបានលទ្ធផលជាក់ស្តែង និងពង្រឹងបណ្តាញសហគ្រាស។ គម្រោង SALEEM នៅ Maghreb (សហការណ៍ឧបត្ថម្ភដោយសហភាពអ៊ឺរ៉ុប) និងគម្រោង DEEL នៅប្រទេសលីបង់ ដែលបានជួយបង្កើតឋានានុក្រមជាផ្លូវការរបស់ និស្សិតសហគ្រិន និងដេប៉ាតឺម៉ង់ដែលគាំទ្រដល់ការងារទាំងនេះ។

គម្រោង Safir ដែលទទួលបានការឧបត្ថម្ភថវិកាពីសហគមន៍អ៊ឺរ៉ុប បានផ្តល់ការគាំទ្រដល់យុវជនដែលដឹកនាំគម្រោងនានាដែលមានផលជះលើសង្គម វប្បធម៌ និងបរិស្ថាននៅអាហ្រ្វិកខាងជើង និងមជ្ឈិមបូព៌ា ជាពិសេសតាមរយៈការបង្កើតបណ្ដាញរចនាសម្ព័ន្ធទ្រទ្រង់ចំនួន៤៦ (អ្នកផ្តល់គំនិត អ្នកបង្កើនល្បឿន សាកលវិទ្យាល័យ អង្គការសង្គមស៊ីវិល)។ ចាប់តាំងពីការបង្កើតមក កម្មវិធី «អ្នកផ្តល់គំនិតនៃអាហ្វ្រិកប្រើប្រាស់ភាសាបារាំង» ដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសចំនួន១៦ នៅក្នុងអនុតំបន់សាហារ៉ា ទ្វីបអាហ្វ្រិក និង Maghreb (ប្រទេសម៉ារ៉ុក ទុយណេស៊ី និងអាល់ហ្សេរី) បានគាំទ្រគំរោងចំនួន៦០គម្រោង។

លើសពីនេះទៀត AUF បានចូលរួមអស់រយៈពេលជាង១០ឆ្នាំ ជាមួយសហគ្រិនស្ត្រីនៅប្រទេសលីបង់ ហើយនៅប្រទេសអ៊ីរ៉ាក់ចាប់តាំងពីឆ្នាំ២០២០ ដើម្បីបំពេញតម្រូវការច្បាស់លាស់របស់ពួកគេ តាមរយៈការប្រកួតប្រជែង «សហគ្រិនស្ត្រីប្រើប្រាស់ភាសាបារាំង»។

ការប្រកួត «៦០ វិនាទីដើម្បីបញ្ចុះបញ្ចូល» គឺជាផ្នែកមួយនៃកម្មវិធីនេះ ដើម្បីគាំទ្រសហគ្រិនវ័យក្មេងនានានៅលើឆាកអន្តរជាតិ និងដើម្បីលើកកម្ពស់ការច្នៃប្រឌិត និងសមត្ថភាពលើផ្នែកនវានុវត្តភាព។ ការប្រកួតនេះនឹងបើកទទួលនិស្សិតមកពីគ្រឹះស្ថានជាសមាជិករបស់ AUF ចំនួនជាង១,០០០ នៅជុំវិញពិភពលោក។ ដើម្បីចូលរួមយុវជនទាំងឡាយត្រូវបង្ហាញគម្រោងរបស់ខ្លួន ក្នុងរយៈពេល ៦០ វិនាទី ជាទម្រង់វីដេអូ។

រង្វាន់រហូតដល់ ១៥០០អឺរ៉ូ ចំនួន៤រង្វាន់ នឹងត្រូវប្រគល់ជូនជ័យលាភី។ ជ័យលាភីទាំងនោះ នឹងទទួលបានអត្ថប្រយោជន៍ផងដែរ ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកគ្រូដឹកនាំ និងអ្នកផ្តល់គំនិតក្នុងការបង្កើតចេញស្នាដៃ ឬផលិតផលពិត។

បេក្ខជនអាចចូលរួមរហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២១ (ម៉ោង១២យប់នៅប៉ារីស) ដើម្បីបញ្ជូនវីដេអូរបស់ពួកគេ តាមតំណភ្ជាប់នេះ៖ https://bit.ly/3c5w81g

សម្រាប់ព័ត៌មានបន្ថែមសូមចុចលើតំណភ្ជាប់នេះ៖ https://www.auf.org/nouvelles/appels-a-candidatures/concours-international-dentrepreneuriat-etudiant-60-secondes-convaincre/

AUF បង្កើតឡើងនៅឆ្នាំ១៩៦១ គឺជាបណ្តាញសាកលវិទ្យាល័យឈានមុខគេនៅលើពិភពលោក ដែលមានគ្រឹះស្ថានជាសមាជិកជាង ១០០០ នៅក្នុងប្រទេសជិត១២០ គឺជាប្រតិបត្តិករផ្ទាល់ និងមានការទទួលស្គាល់ពីអង្គការឡាហ្វ្រង់កូហ្វូនី សម្រាប់ការសិក្សា និងស្រាវជ្រាវជាន់ខ្ពស់។

AUF មានវត្តមាននៅលើទ្វីបទាំង៥ តាមរយៈបណ្តាញគ្រឹះស្ថានរបស់ខ្លួន ចូលជ្រៅទៅក្នុងប្រព័ន្ធអប់រំ និងសាកលវិទ្យាល័យ គឺជាប្រតិបត្តិករដែលមានប្រសិទ្ធិភាពបំផុត។ ជាពិសេស AUF បានប្តេជ្ញាចិត្តអនុវត្តការងាររបស់ខ្លួន តាមរយៈសន្និសីទប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសប្រើភាសាបារាំង។

បេសកកម្មរបស់ AUF គឺដើម្បីគាំទ្រដល់គ្រឹះស្ថានឧត្តមសិក្សា និងវិទ្យាស្ថានស្រាវជ្រាវ និងធ្វើសកម្មភាពសម្រាប់អ្នកវិទ្យាសាស្រ្តប្រើភាសាបារាំង ដែលប្តេជ្ញាចិត្តអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌នៅក្នុងសង្គម។ AUF កំពុងបង្កើតគម្រោងប្រកបដោយភាពច្នៃប្រឌិត ដើម្បីគាំទ្រផ្នែកវិទ្យាសាស្ត្រអន្តរជាតិបញ្ចូលនិស្សិតទើបបញ្ចប់ការសិក្សាទៅក្នុងទីផ្សារការងារ និងអភិវឌ្ឍវប្បធម៌សហគ្រិនភាព៕