(ភ្នំពេញ)៖ វិស័យអប់រំដែលជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីកសាងសង្គមជាតិនោះ បានជួបវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ។ ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំឯកជន នឹងជួបគ្នាតាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីលើកបង្ហាញនូវបញ្ហាដែលពួកគេកំពុងជួបប្រទះ ប្រឈមការក្ស័យធន ក៏ដូចជាលើកសំណើស្វែងរកដំណោះស្រាយពីរាជរដ្ឋាភិបាល។
បើតាមលោក ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានប្រាប់ Fresh News ថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សា និងប្រមូលផ្តុំយបល់ ឬបញ្ហាប្រឈម និងសំណូមពរនានាក្នុងកំលុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ពីថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំ ដើម្បីសុំការសម្រួលស្រាយបំភ្លឺ និងដោះស្រាយក្នុងកិច្ចប្រជុំភាពជាដៃគូផ្នែករដ្ឋាភិបាលនាពេលខាងមុខ។
បើតាមលោក ហេង វ៉ាន់ដា មកដល់ពេលនេះ បើទោះបីគ្រឹះស្ថានអប់រំឯកជនប្រឹងប្រែងបន្ស៉ាំការអប់រំក្នុងគន្លងថ្មី តាមរយៈការអប់រំពីចម្ងាយយ៉ាងណាក្តី តែវិស័យមួយនេះនៅតែជួបបញ្ហាធ្ងន់ធ្ងរ និងលំបាកក្នុងការបោះជំហ៊ានទៅមុខ។
លោក ហេង វ៉ាន់ដា បានស្នើដល់ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំដែលចូលរួមប្រជុំនៅថ្ងៃនេះ លើកឡើងនូវបញ្ហា ដែលពួកគេបានជួបប្រទះឱ្យបានផុសផុល ដើម្បីអង្គប្រជុំបានយកជាធាតុចូលដាក់ជូនរាជរដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយ៕