(ពោធិ៍សាត់)៖ កម្លាំងប៉ុស្តិ៍ច្រកផ្លូវ៥៦ ដឹកនាំដោយអនុសេនីយឯក ព្រំ នីហ្គា នាយរងប៉ុស្តិ៍ បានសហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែន៨២៥, កម្លាំងប៉ុស្តិ៍រដ្ឋបាលថ្មដា និងកម្លាំងបរិស្ថានគ្រប់គ្រង ដែនអភិរក្សភ្នំសំកុស បានចុះបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់ឈើប្រណិត ប្រភេទក្រញូង ឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីខាងលើ កម្លាំងចម្រុះបានរកឃើញឈើក្រញូងចំនួន១០៨ដុំ ទម្ងន់៥០៥គីឡូក្រាម និងឃាត់ខ្លួនមនុស្សចំនួន០៣នាក់ ក្នុងនោះស្រី០១នាក់ រួមមាន៖ ទី១៖ឈ្មោះ សាន់ វន្នី អាយុ៥២ឆ្នាំ (ម្ចាស់ឈើ), ទី២៖ឈ្មោះ ភួយ ពេជ អាយុ២៨ឆ្នាំ (ម្ចាស់ផ្ទះ), ទី៣៖ឈ្មោះ ជីប ណារី ភេទស្រី អាយុ២២ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍បញ្ជូនទៅអធិការនគរបាលស្រុកវាលវែង ចាត់ការបន្តតាមនីតិវិធី។ ចំពោះវត្ថុតាង ត្រូវបានប្រគល់ជូនកម្លាំងបរិស្ថាន ដើម្បីចាត់ចែងបន្ត។
គួរបញ្ជាក់ថា បើតាមការឲ្យដឹងពីសមត្ថកិច្ច ក្នុងចំណោមជនសង្ស័យខាងលើ គឺមានជនសង្ស័យម្នាក់ ជាប់ទាក់ទងនឹងជនល្មើស ដែលលួចឆ្លងដែនចូលប្រទេសថៃ ដើម្បីកាប់ឈើក្រញូង ហើយត្រូវទាហានឈុតខ្មៅថៃបាញ់ បណ្តាលឲ្យបាក់ជើង រួចប្រគល់ឱ្យសមត្ថកិច្ចកម្ពុជា ចាត់ការបន្ត កាលពីខែឧសភាកន្លងទៅ៕