(ភ្នំពេញ)៖ លោក ហួត ហាក់ តំណាងលោក ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំម៉ាសចំនួន ១៥ម៉ឺនម៉ាស របស់ក្រុមហ៊ុន YUEFENG GROUP ប្រគល់ជូនលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីប្រើប្រាស់ក្នុងដំណាក់កាល ការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅទីស្តីការក្រសួង។
លោកស្រីបណ្ឌិត ម៉ែន សំអន បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោកស្រីផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក ហ៊ុន ម៉ាណែត ព្រមទាំងក្រុមការងារ និងក្រុមហ៊ុន YUEFENG GROUP ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល នៅគ្រប់ដំណាក់កាលក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលមេរោគកូវីដ១៩ នៅកម្ពុជា ។
លោកស្រីបណ្ឌិត ម៉ែន សំអន ក៏បានអំពាវនាវឲ្យក្រុមការងារ និងប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់ នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ជាពិសេសការអនុវត្តវិធានរបស់ ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល បើទោះបីជាទទួលបាន ការចាក់វ៉ាក់សាំងបានពីរដងរួចហើយក៏ដោយ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៩,៤៦៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៣,៥៧១នាក់ និងស្លាប់សរុបចំនួន ៣៦១នាក់៕