(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២១នេះ ជាថ្ងៃដែលអាជ្ញាធរ សម្រេចឲ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរ ជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ក្រោយពីបានបិទខ្ទប់ មិនឱ្យដំណើរការ ចាប់តាំងពីអំឡុងខែមេសា ឆ្នាំ២០២១កន្លងមក និងបានបើកឡើងវិញក្នុងកម្រិតត្រឹមតែលក់គ្រឿងហូបចុក បន្លែ ត្រីសាច់កាលពីថ្ងៃទី២៤ ឧសភា កន្លងទៅ។
ជាក់ស្តែងនៅព្រឹកនេះ មានជីវករប្រមាណ៧០ភាគរយប៉ុណ្ណោះ បានចូលមកលក់ដូរវិញ ដោយសារថា សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានី បានចេញនៅពេលយប់ អាជីវករមួយចំនួនបានដឹង និងមួយចំនួនទៀត មិនទាន់បានដឹងនូវឡើយ ប៉ុន្តែចំពោះអាជីវករដែលលក់គ្រឿងហូបចុក បន្លែ ត្រីសាច់បានមកលក់ពេញ១០០ភាគរយ។
ការបើកឱ្យដំណើរការឡើងវិញ នៅព្រឹកថ្ងៃ១៥ ខែមិថុនានេះ ឃើញថា នៅតាមបណ្តាលផ្សាររដ្ឋនានានៅក្នុងរាជធានីភ្នំពេញ បានដំណើរការជាធម្មតា ជាមួយនិងការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល និងការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានអនុវត្តវិធានការសុវត្ថិភាព ពាក់ម៉ាស, ការរក្សាគម្លាតសុវត្ថិភាព, ការធ្វើអនាម័យសម្លាប់មេរោគ, ការវាស់កម្ដៅ, ការស្កេន QR Code ជាដើម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩។
លោក ចំរើន សុខលីម ប្រធានផ្សារទួលទំពូង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមិថុនាថា ផ្សារទួលទំពូងចាប់ផ្តើមលក់នៅព្រឹកនេះ បានគោរពតាមវិធានសុខាភិបាល និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ច្រកចេញ ចូលផ្សារចំនួន១០ ត្រូវបានបើកទ្វារសំរាប់អាជីវករបានលក់ដូរជាធម្មតាឡើងវិញ ដោយនៅតាមច្រកចេញចូលលោក បានចាត់ចែងឱ្យមានកម្លាំងសន្តិសុខជួយសម្រួល ដោយការបាញ់កម្តៅ លាងអាល់កុល និងស្កេន QR កូដ ផងដែរ មុននឹងអនុញ្ញាតឱ្យអាជីវករចូលទិញលក់នៅក្នុងផ្សារ។ ចំណែកបងប្អូនអាជីវករបានពាក់ម៉ាស់គ្រប់គ្នា ជាមួយនិងការដាក់ដបអាកុលសំរាប់ភ្ញៀវបានបាញ់សម្លាប់មេរោគនៅគ្រប់តូបផងដែរ។
លោកបន្តថា សម្រាប់ថ្ងៃទី១៥ ខែមិថុនានេះ មានអាជីវករមកលក់ដូរបានប្រមាណ៧០ភាគរយប៉ុណ្ណោះ ដោយសារថា សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីបានចេញនៅពេលយប់ អាជីវករមួយចំនួនបានដឹង និងមួយចំនួនទៀតមិនទាន់បានដឹងនូវឡើយ ប៉ុន្តែចំពោះអាជីវករខាងលក់គ្រឿងហូបចុក បន្លែ ត្រីសាច់បានមកលក់ពេញ១០០ភាគរយ។
លោក ឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមិថុនាថា ចំពោះអាជីវករមកបើកតូបលក់ដូរនាថ្ងៃបើកផ្សារទូលំទូលាយពេលនេះ បានប្រមាណ៧០ភាគរយប៉ុណ្ណោះ។ លោក និមល បន្តថា ផ្សារបានបើកច្រកចេញចូល៥ច្រក ក្នុងច្រកនីមួយៗ មានដាក់ម៉ាស៊ីនវាស់កំដៅ និងស្កេន QR Code ពិសេសស្លាក «៣កុំ និង៣ការពារ» របស់សម្តេចតេជោ។
ដោយឡែកចំពោះអាជីវករ ដែលមិនទាន់បានបើកលក់ដូរ គឺគាត់មកបើកតូប ដើម្បីបោសសំអាត និងរៀបចំឥវ៉ាន់ ដើម្បីលក់នាថ្ងៃបន្ទាប់។ ក្នុងនាមអាជីវករផ្សារ ក៏ដូចអតិថិជន លោកសូមថ្លែងអំណរគុណរាជរដ្ឋាភិបាល ពិសេសអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដែលបានអនុញ្ញាតអោយបើកដំណើរការលក់ដូរផ្សារទាំង២៥ឡើងវិញ។
ប្រធានគណៈកម្មការគ្រប់គ្រងផ្សារធំថ្មី លោកស្រី ប៉ុន ដានី បានលើកឡើងថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ ដើម្បីបង្ការ និងទប់ស្កាត់ជម្ងឺកូវីដ-១៩ ដោយកន្លងមកនេះ ផ្សារទាំង២៥ នៅក្នុងរាជធានីត្រូវបានលោក ឃួង ស្រេង ចែកម៉ាស អាកុល ម៉ាស៊ីនវាស់កំដៅបាញ់កំដៅជាច្រើនលើកមកហើយ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ជម្ងឺកូវីដ១៩នេះឲ្យបាន។
លោកស្រីបន្តថា ក្នុងផ្សារធំថ្មី អាជីវករបានពាក់ម៉ាស់គ្រប់ គ្នារួមទាំងការវ៉ាស់កំដៅពេលចេញចូល ផ្សារដែលមាន៩កន្លែង, ការដាក់ QR Code រួមទាំងការណែនាំបងប្អូនជាប់ជាប្រចាំ ទាំងអ្នកលក់និងអ្នកចេញចូលផ្សារ និងមានកន្លែងលាងដៃ មានសាប៊ូ និងជែលផងដែរ។ លោកស្រីបញ្ជាក់ថា ការបើកផ្សារឡើងវិញលើកនេះ គណៈកម្មការផ្សារបានយកចិត្តទុកដាក់ខ្លាំងជាងមុនទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩។
លោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅ បានប្រាប់ឱ្យដឹងដែរថា ចំពោះនៅផ្សារច្បារអំពៅ បានបើកតូបប្រហែល៤០ភាគរយ និងមានអតិថិជនប្រហែល៣០ភាគរយ។
បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញកាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋ ទាំងអស់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១តទៅ។ គ្រប់អាជីវកម្ម-ការលក់ដូរ ដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព, ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ, ការវាស់កម្ដៅ, ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន៕