(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលជាទីភ្នាក់ងារតំណាងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍នៃប្រទេសកូរ៉េខាងត្បូង បានផ្តល់កញ្ចប់ស្បៀងអាហារ និងគ្រឿងបរិក្ខារបង្ការការឆ្លងមេរោគកូវីដ១៩ សរុបជាថវិកាប្រមាណ ៣៨,០០០ដុល្លារអាមេរិក ជូនដល់ជនងាយរងគ្រោះក្នុងប្រទេសកម្ពុជា ដែលជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ និងការសិក្សា ដោយសារការរីករាលដាលឡើងវិញនៃជំងឺកូវីដ១៩។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ KOICA បានគូសបញ្ជាក់ថា ជំនួយទាំងនេះផ្តល់ដល់ជនងាយរងគ្រោះ សិស្ស និស្សិតកំព្រា (មានតែឪពុក ឬម្តាយ) និងគ្រួសារទីទាល់ក្រចំនួន ៦២៧គ្រួសារ ប្រហែល ៣,៤០០នាក់។ ជំនួយដែលផ្តល់នោះរួមមាន បរិក្ខារបង្ការ និងសម្លាប់មេរោគ ប័ណ្ណណែនាំអនាម័យផ្ទាល់ខ្លួន អង្ករ ២៥គីឡូក្រាម ត្រីខ និងសម្ភារៈចាំបាច់ផ្សេងៗទៀតដែលជាផលិតផលក្នុងស្រុក។
ការិយាល័យ KOICA ប្រចាំកម្ពុជា បានផ្តល់នូវកញ្ចប់ជំនួយសង្រ្គោះបន្ទាន់នេះ ដល់ស្ថាប័នដៃគូ ដែលធ្លាប់មានអ្នកស្ម័គ្រចិត្តកូរ៉េ WFK ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពសិស្ស និស្សិត ជាស្បៀងអាហារ និងសម្ភារជួយពង្រឹងក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងៃកូវីដ១៩ ដល់ប្រជាជនកម្ពុជាកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ដែលបាត់បង់ការងារ និងផ្អាកការសិក្សាជាដើម។ ស្ថាប័នស្ថិតនៅក្នុងរាជធានី និងខេត្តចំនួន៩ មានដូចជា រាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពង់ធំ ពោធិ៍សាត់ កំពត តាកែវ និងព្រៃវែង បានទទួលយកនូវជំនួយទាំងនេះ។
World Friend Korea (WFK) ជាឈ្មោះសមូហភាពសម្រាប់អ្នកស្ម័គ្រចិត្តក្រៅប្រទេសមួយ ដែលគ្រប់គ្រងដោយទីភ្នាក់ងារ KOICA ដោយបញ្ជូនអ្នកស្ម័គ្រចិត្តកូរ៉េទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស និងការផ្ទេរបច្ចេកវិទ្យាក្នុងវិស័យផ្សេងៗដូចជា វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ វិស័យសុខាភិបាល និងសុខុមាលភាពសង្គមជាដើម។
ការិយាល័យ KOICA ប្រចាំកម្ពុជាបានផ្តល់ជំនួយកញ្ចប់ស្បៀងអាហារ ដែលជាផលិតផលក្នុងស្រុក ទៅកាន់ស្ថាប័នដៃគូនៅក្នុងរាជធានី និងខេត្តចំនួន៩ ដែលធ្លាប់មានអ្នកស្ម័គ្រចិត្តកយកា សម្រាប់ចែកជូនដល់ជនងាយរងគ្រោះ (សិស្ស និស្សិតមានប័ណ្ណក្រីក្រ, សិស្សកំព្រា, ជនពិការ និងគ្រួសារដែលមានសមាជិកច្រើនជាដើម)។ លើសពីនេះទៀត KOICA បានផ្តល់ជូនឧបករណ៍វាស់សីតុណ្ហភាព និងអាល់កុលសម្លាប់មេរោគដល់ស្ថាប័ន ដើម្បីធ្វើឱ្យមានបរិស្ថានប្រកបដោយសុវត្ថិភាពនៅក្នុងស្ថាប័ន។
ថ្មីៗនេះ ប្រទេសកម្ពុជាមានការផ្ទុះឡើងវិញនៃជំងឺកូវីដ១៩ ដែលមានអ្នកឆ្លងកើនឡើងគួរឱ្យកត់សម្គាល់ បណ្តាលឱ្យមានការដាក់ចេញនូវបំរាមគោចរ បំរាមនៃការបិទខ្ទប់តំបន់នានា ប្រជាពលរដ្ឋបាត់បង់ការងារ និងមានការបិទសាលាជាបណ្តោះអាសន្នជាដើម ដែលជាហេតុធ្វើឲ្យគ្រួសារជាច្រើនជួបប្រទះនូវការលំបាកក្នុងជីវភាពប្រចាំថ្ងៃ និងប៉ះពាល់ដល់ការសិក្សារបស់សិស្ស និស្សិតផងដែរ។ ជំនួយឧបត្ថម្ភនេះ ផ្តោតជាពិសេសដល់ស្ថាប័ន ដែលធ្លាប់មានអ្នកស្ម័គ្រចិត្តដោយជួយផ្តល់ការគាំទ្រជាក់ស្តែងចំពោះសិស្ស និសិ្សត ដែលគ្រួសារជួបការលំបាកខ្លាំង មានហានិភ័យក្នុងការបោះបង់ចោលការសិក្សា មិនតែប៉ុណ្ណោះកយកាបានផ្តល់ជាសម្ភារៈ និងជួយពង្រឹងការយល់ដឹងក្នុងការទប់ស្កាត់នៃការឆ្លងជំងឺកូវីដ១៩នេះផងដែរ។
នៅក្នុងគម្រោងជំនួយនេះ ក្រោមការសហការជាមួយស្ថាប័នដៃគូដោយមានការជ្រើសរើសអ្នកអាទិភាព ដោយផ្អែកលើលក្ខ័ណ្ឌគ្រួសារទីទាល់ក្រជួបការលំបាកខ្លាំង ហើយការចែកជូនជាក់ស្តែងត្រូវបានអនុវត្តន៍ដោយគោរពទៅតាមវិធានការអនាម័យរបស់ស្ថាប័នដៃគូ។
កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ KOICA បានរៀបចំកម្មវិធីចែកកញ្ចប់ជំនួយសង្រ្គោះបន្ទាន់ ដែលធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញជាមួយស្ថាប័នដៃគូ ដែលធ្លាប់មានអ្នកស្ម័គ្រចិត្ត KOICA។
លោក Rho Hyeon-Jun ប្រធានការិយាល័យ KOICA ប្រចាំកម្ពុជាបានលើកឡើងថា «ខ្ញុំសង្ឃឹមថាតាមរយៈជំនួយឧបត្ថម្ភនេះ នឹងអាចជួយសម្រួលដល់គ្រួសារសិស្ស និស្សិតរស់នៅតំបន់ ឬក្នុងស្ថាប័នដែលធ្លាប់មានអ្នកស្ម័គ្រចិត្ត ដែលគ្រួសារពួកគេមានជីវភាពក្រីក្រ ជួបការលំបាក ដោយជួយជម្រុញពួកគេមិនឱ្យបោះបង់ចោលការសិក្សាជាដើម។ មួយវិញទៀត ដើម្បីជួយដល់ទីផ្សារសេដ្ឋកិច្ចកម្ពុជា KOICA បានព្យាយាមក្នុងការរៀបចំកញ្ជប់ជំនួយនេះជាផលិតផល ដែលមានក្នុងស្រុកទាំងអស់។ តាមរយៈការទិញផលិតផល ដែលផលិតដោយសហករណ៍ និងសហគ្រាសសង្គម ត្រូវបានចាត់ទុកថាជាការរួមចំណែក ជួយធ្វើឱ្យទីផ្សារក្នុងស្រុកមានភាពរស់រវើកឡើងវិញ»។
នៅក្នុងកញ្ជប់ជំនួយនីមួយៗរួមមាន ម៉ាស់ ជែលលាងដៃ ប័ណ្ណណែនាំអនាម័យផ្ទាល់ខ្លួន ព្រមទាំងផលិតផលក្នុងស្រុកដូចជា អង្ករ ២៥គីឡូក្រាម ត្រីខ ស៊ុតទា ទឹកដោះគោ និងស្ករត្នោតជាដើម។ អង្ករជាតម្រូវការដ៏ចាំបាច់ ដែលបានទិញពីសហករណ៍ កសិករខ្មែរក្នុងស្រុក ចំណែកស៊ុត និងស្ករត្នោត ជាផលិតផលរបស់កសិករខ្មែរតាមរយៈគម្រោងភាពជាដៃគូឯកជន និងសាធារណៈរបស់KOICA។ ទាំងនេះជាការចូលរួមចំណែក បង្កើននូវប្រាក់ចំណូលដល់ប្រជាកសិករខ្មែរក្នុងស្រុក ក៏ដូចជាការផ្តល់ឱកាសការងារដល់ពួកគេផងដែរ។ បន្ថែមលើសពីនេះទៅទៀត សម្រាប់ប័ណ្ណណែនាំអនាម័យផ្ទាល់ខ្លួន គឺជាប័ណ្ណដែលរៀបរៀងឡើងដោយអ្នកស្ម័គ្រចិត្តកយកា ចែកជូនដល់សិស្ស និស្សិត និងស្ថាប័ននីមួយៗ ដើម្បីណែនាំ និងអាចយកទៅបិទនៅច្រកចេញចូល និងកន្លែងផ្សេងៗ នៅក្នុងស្ថាប័ននីមួយៗបានផងដែរ។
ការិយាល័យកយកាកម្ពុជា មិនត្រឹមតែផ្តល់ជំនួយសង្រ្គោះបន្ទាន់នេះ ដើម្បីបង្ការកុំឱ្យសិស្ស និស្សិត បោះបង់ការសិក្សាចោល និងជួយពង្រឹងការយល់ដឹងផ្ទាល់ខ្លួនទាក់ទងនឹងជំងឺឆ្លងនៅក្នងស្ថាប័នប៉ុណ្ណោះទេ យើងក៏បានជំរុញសកម្មភាពអ្នកស្ម័គ្រចិត្តឱ្យមានការបង្រៀនតាមរយៈតាមប្រព័ន្ធអនឡាញ (E-volunteering) ដែលបានចាប់ផ្តើមតាំងពី ខែកក្កដា ឆ្នាំ២០២០ ហើយកំពុងបន្តមកដល់បច្ចុប្បន្ននេះ៕