(ភ្នំពេញ)៖ ដោយទទួលបានការគាំទ្រ និងកិច្ចសហការពីអង្គការទេសចរណ៍ពិភពលោក (UNWTO) ក្រសួងទេសចរណ៍បានលើកទឹកចិត្ត ដល់សហគ្រិនវ័យក្មេង ដែលប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ ចូលរួមកម្មវិធីប្រកួតប្រជែង «សហគ្រិនវ័យក្មេង ក្នុងវិស័យទេសចរណ៍ជនបទ» របស់អង្គការទេសចរណ៍ពិភពលោក (UNWTO Rural Tourism Startup Competition)។
កម្មវិធីប្រកួតប្រជែងនេះ មានគោលដៅជ្រើសរើសសហគ្រិនវ័យក្មេងឆ្នើម ពីប្រទេសសមាជិកអង្គការទេសចរណ៍ពិភពលោក ដើម្បីជំរុញការបង្កើតអាជីវកម្មទេសចរណ៍ ជាពិសេសនៅតាមតំបន់គោលដៅទេសចរណ៍ជនបទ ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន ឆ្ពោះទៅកាន់ការអភិវឌ្ឍទេសចរណ៍ ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់កាន់តែប្រសើរ ជាពិសេសចូលរួមដោះស្រាយផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ក្នុងវិស័យទេសចរណ៍។
សហគ្រិនជ័យលាភីនឹងទទួលបាននូវជំនួយបច្ចេសទេស ពង្រឹងអាជីវកម្មពីអង្គការទសចរណ៍ពិភពលោក នឹងក្លាយជាសមាជិកនៃបណ្តាញសហគ្រិនវ័យក្មេងរបស់ពិភពលោក ព្រមទាំងទទួលបាននូវឱកាសបង្ហាញអំពីអាជីវកម្មរបស់ខ្លួន ចំពោះមុខថ្នាក់ដឹកនាំទេសចរណ៍ពិភពលោក នៃប្រទេសជុំវិញពិភពលោកមកពី ១៥៩ ប្រទេស និងអង្គការពិភពលោកធំៗ នាឱកាសមហាសន្និបាទអង្គការទេសចរណ៍ពិភពលោក លើកទី២៤ នាខែតុលា ឆ្នាំ២០២១ ក្នុងប្រទេសម៉ារ៉ុក។
បេក្ខជនត្រូវបង្ហាញអំពីលក្ខណៈពិសេសនៃអាជីវកម្មរបស់ខ្លួន ដែលរំលេចអំពីកម្រិតច្នៃប្រឌិត នវានុវត្តន៍ ដោះស្រាយនូវផលប៉ះពាល់នៃជីវភាពប្រជាពលរដ្ឋរងផលប៉ះពាល់កូវីដ-១៩ ព្រមទាំងចូលរួមដល់ការអភិវឌ្ឍប្រកប ដោយចីរភាពនៅមូលដ្ឋាន។
ក្រសួងទេសចរណ៍បានលើកទឹកចិត្តដល់យុវជន យុវនារី ដែលជាសហគ្រិនវ័យក្មេង កំពុងប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ ឬមានគម្រោងបង្កើតមុខរបរ ដែលជួយដល់សហគមន៍ជនបទ ឱ្យងើបពីវិបត្តិកូវីដ-១៩ ចូលរួមប្រកួតក្នុងកម្មវិធីខាងលើ ហើយក្រសួងទេសចរណ៍នឹងចូលរួមសហការសម្របសម្រួល ក្នុងការដាក់បេក្ខភាពប្រកួត៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖