(ភ្នំពេញ)៖ កម្ពុជា-សិង្ហបុរី បានបេ្តជ្ញាយ៉ាងមុតមាំក្នុងការពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាឲ្យបានកាន់តែប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតបឲ្យទាន់ទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា ទាំងក្នុងតំបន់ និងពិភពលោក។

ការប្តេជ្ញាចិត្តដ៏មុតស្រួចនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងការងារ នៅក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី Teo Lay Cheng អគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី។

ក្នុងឱកាសនោះ លោកស្រី Teo Lay Cheng បានបញ្ជាក់ថា តាមរយៈបេកសកកម្មការទូតរបស់លោកស្រីនៅកម្ពុជា លោកស្រីនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែស្អិតល្មួតបន្ថែមទៀត។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងការទូត និងវិស័យនានា ពិសេសគឺវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងសិង្ហបុរី ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រីបានបន្តថា សិង្ហបុរីបានជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជាច្រើនដល់គ្រូបង្គោល និងសិក្ខាកាមកម្ពុជា ពិសេសសិង្ហបុរីបានបញ្ជូនគ្រូជំនាញៗមកបណ្ដុះបណ្ដាលដល់ប្រទេសកម្ពុជាផ្ទាល់។

ចំពោះផ្នែកសុវត្ថិភាព និងសុខភាពរបស់កម្មករនៅកន្លែងធ្វើការងារ សិង្ហបុរីក៏បានជួយច្រើនណាស់ដែរ ដូចជា ជួយរៀបចំបច្ចេកទេសសុវត្ថិភាពឡចំហាយនៅក្នុងរោងចក្រ ការបណ្ដុះបណ្ដាលអ្នកជំនាញត្រួតពិនិត្យឡចំហាយជាដើម ដោយបានចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ផ្សេងៗបានយ៉ាងច្រើននៅក្នុងរោងចក្រ សហគ្រាស។

សំណើបន្ទាប់របស់លោករដ្ឋមន្ត្រី អ៉ិត សំហេង ស្នើបន្តការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យTVET ដែលបានចុះហត្ថលេខារវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយវិទ្យាស្ថានអប់រំបច្ចេកទេស (ITE) នៃប្រទេសសិង្ហបុរី និងដែលបានផុតកំណត់តាំងពីខែមករា ឆ្នាំ២០១៩ មកម្ល៉េះ គឺពាក់ព័ន្ធនឹងវិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ពិសេសគឺកម្ពុជាត្រូវការធនធានមនុស្សប្រកបដោយគុណវឌ្ឍិ ហើយកន្លងមកសិង្ហបុរីក៏បានដើរតួយ៉ាងច្រើនក្នុងការជំរុញលើការងារនេះ។

ចំពោះការបញ្ជូនពលការិនីខ្មែរ ទៅធ្វើការនៅប្រទេសសិង្ហបុរីនៅពុំទាន់មានកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នទទួលបន្ទុកណាមួយនៃប្រទេសសិង្ហបុរីនៅឡើយ ដែលនាំឱ្យមានការលំបាកក្នុងការគ្រប់គ្រងទិន្នន័យ ការការពារស្របច្បាប់ និងការស្វែងរកកិច្ចសហការនានាជាមួយភាគីសិង្ហបុរី។

លោករដ្ឋមន្ត្រីបានបានស្នើដល់ភាគីសិង្ហបុរី ពិចារណាបង្កើតឱ្យមានកិច្ចព្រមព្រៀងបញ្ជូនពលករជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអនុញ្ញាតឱ្យមានការបញ្ជូនពលករទូទៅបន្ថែម ក្រៅពីពលការិនី (ស្ត្រីជំនួយការមេផ្ទះ)។

ចំពោះសំណើរបស់លោករដ្ឋមន្ត្រី ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមនឹងកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងស្ថាប័នទទួលបន្ទុករបស់សិង្ហបុរី លោកស្រីរីករាយពេញចិត្តបន្តកិច្ចសហការភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជាឲ្យកាន់តែមានល្អប្រសើរបន្តទៀត៕