(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជូនលោកស្រី ថោង គឹមអាន និងក្រុមគ្រួសារ ចំពោះមរណភាពរបស់វរព្រឹទ្ធសិល្បការិនី សំនៀងពីរោះគន្ធា ទេវនាដនិម្មិត ឯម ធាយ ព្រឹទ្ធាចារ្យវរសិល្បការិនីនៃរបាំព្រះរាជទ្រព្យ កាលពីវេលាម៉ោង០០៖២០នាទី រំលងអាធ្រាត្រ ថ្ងៃអង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។
ក្នុងសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ថាទុកថា «មរណភាពរបស់ ទេវនាដនិម្មិត ឯម ធាយ ជាទីស្រឡាញ់រាប់អាន គឺជាការបាត់បង់ មាតា ជីដូន ជីដូនទួត និងញាតិមិត្តម្នាក់ប្រកបដោយ ព្រហ្មវិហារធម៌ និងជាការបាត់បង់ព្រឹទ្ធាចារ្យសិល្បការិនីដ៏ឆ្នើម ដែលជាមរតកមនុស្សរស់ដ៏មានតម្លៃបំផុត នៃរបាំព្រះរាជទ្រព្យ ហើយដែលពេញមួយជីវិតរបស់ ឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដនិម្មិត បានលះបង់ពេលវាលាដ៏មានតម្លៃ រួមចំណែកលើកស្ទួយ និងថែរក្សាសិល្បៈវប្បធម៌ដ៏រុងរឿង របស់ជាតិយើង»។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីនៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ លោកយាយឧបាសិកា ទេវនាដនិម្មិត ឯម ធាយ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕