(បន្ទាយមានជ័យ)៖ កម្លាំងយោធភូមិភាគទី៥ និងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនពលករចំនួន០៩នាក់ ដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ នាយប់រំលងអធ្រាត្រចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅចំណុច ភូមិបឹងរាំង ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការនេះ ដឹកនាំដោយវរសេនីយ៍ឯក ព្រហ្ម សុភា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករង ដែលសហការជាមួយផ្នែកសឹករងម៉ាឡៃ និងវរសេនាតូចនគរបាលព្រំដែនគោកលេខ៨១៥ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំអូរស្រឡៅ។
ក្រោយពីឃាត់ខ្លួនបានមេបញ្ជាការរងបានណែនាំដល់ប្រជាពលរដ្ឋ កុំបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់កាសជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានទាំងអស់គ្នា និងបានប្រគល់ពួកគាត់ឱ្យទៅកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំអូរស្រឡៅ ដើម្បីសាកសួរ និងបញ្ជូនទៅធ្វើចត្តាឡីស័ក។
សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បានឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់៕