(ព្រៃវែង)៖ ក្របីមួយហ្វូងប្រមាណ៥០ក្បាល ផ្អើលរត់ចូលរថយន្ដធុនធំដឹកត្រីមួយគ្រឿង បណ្ដាលឲ្យក្របីងាប់ពីរក្បាលនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ចំណុចភូមិព្រែកណ្តៀង ឃុំព្រែកកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។
ភ្លាមៗក្រោយកើតហេតុ ម្ចាស់ក្របីបានប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានឲ្យឃាត់រថយន្ដដឹកត្រីខាងលើ ដើម្បីឲ្យម្ចាស់រថយន្ដដោះស្រាយជាមួយខ្លួន ក្រោយបុកក្របីរបស់គាត់ដែលរត់តាមផ្លូវ។ សមត្ថកិច្ចក្រោយទទួលបានពាក្យបណ្ដឹង ក៏បានឃាត់រថយន្ដនោះ ដែលកំពុងដឹកត្រីប្រមាណជាង៨តោន។
ពេលនេះម្ចាស់ក្របីបានប្ដឹងទាមទារនូវសំណង ចំនួន៥,០០០ដុល្លារ ពីភាគីខាងរថយន្ដ។ ដោយសារត្រីជាច្រើនតោន នៅលើរថយន្ដនោះ ម្ចាស់រថយន្ដបានស្នើសុំដើម្បីផ្ទេរត្រីទៅរថយន្ដផ្សេង ប៉ុន្ដែមិនត្រូវបានសមត្ថកិច្ចអនុញ្ញាតភា្លមៗនោះទេ។
រហូតដល់វេលាម៉ោង ៨យប់ថ្ងៃដដែល ដោយខ្លាចខូចត្រីទើបម្ចាស់រថយន្ដសម្រេចចិត្ត តម្កល់លុយចំនួន២០០០ដុល្លារ ដើម្បីសុំយករថយន្ដចេញ ប៉ុន្ដែមិនត្រូវបានអនុញ្ញាតនោះឡើយ ជាហេតុធ្វើឲ្យត្រីនៅលើរថយន្ដនោះប្រមាណ៥-៦តោនងាប់ និងខូចខាតគិតជាទឹកប្រាក់ចូលខ្ទង់ម៉ឺនដុល្លារ ដោយសារតែការយឺតយ៉ាងក្នុងការផ្ទេរទៅរថយន្ដផ្សេង។
ពាក់ព័ន្ធករណីនេះ លោក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះថា ពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ដបុកក្របីងាប់ ២ក្បាលប្រាកដមែន ហើយលោកឃាត់រថយន្ដនេះ ដោយសារទទួលបានពាក្យបណ្ដឹងពីម្ចាស់ក្របី។ លោកអះអាងថា លោកឃាត់តែរថយន្ដប៉ុណ្ណោះ ទំនិញនៅលើនោះមិនបានឃាត់នោះទេ ហើយម្ចាស់រថយន្ដបានផ្ទេរត្រីនៅលើនោះ ប្រហែលម៉ោងជាង៧យប់ ទៅរថយន្ដផ្សេងមួយទៀតផងដែរ។
លោកបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំឃាត់តែរថយន្ដទេ តែទំនិញមិនបានឃាត់ទេ គាត់ផ្ទេរទៅឡានផ្សេងតាំងពីម៉ោង៧ជាង ខណៈឡានយើងឃាត់ទុកដើម្បីស្រាវជ្រាវរកបទល្មើស តាមបណ្ដឹងរបស់ម្ចាស់ក្របី បើគ្មានបណ្ដឹងខ្ញុំក៏គ្មានសិទ្ធិឃាត់គេដែរ។ ក្របីនៅកន្លែងកើតហេតុ ប្រមាណ៥០ក្បាលដើរពេញថ្នល់ ហើយបុកងាប់នៅកន្លែងពីរក្បាល»។
យ៉ាងណាមិញ ភាគីខាងម្ចាស់រថយន្ដដឹកត្រី បានសម្ដែងនូវការខកចិត្តចំពោះដំណោះស្រាយរបស់សមត្ថកិច្ចមូលដ្ឋាន ដោយមិនអាចឲ្យគាត់ផ្ទេរទំនិញទៅឡានផ្សេងភ្លាម ជាហេតុនាំឲ្យមានការខូចខាត ហើយមិនមានអ្នកណាទទួលខុសត្រូវ ខណៈរថយន្ដរបស់គាត់កំពុងបើកតាមផ្លូវ ហើយហ្វូងក្របីផ្អើលរត់ចូល។
ប៉ុន្ដែជាការកត់សម្គាល់ក្នុងករណីសត្វពាហនៈដើរតាមផ្លូវ ហើយរត់ចូលរថយន្ដរបស់អ្នកធ្វើដំណើរ មិនសូវឃើញម្ចាស់សត្វចេញមុខមកអះអាងនោះទេ ក្នុងករណីរថយន្ដនោះរងនូវការខូចខាត ពិសេសរថយន្ដស៊េរីទំនើបៗ។ ខណៈករណីនេះ ស្រាប់តែម្ចាស់ក្របីចេញមុខប្ដឹងភាគីរថយន្ដ ឲ្យសងសំណងចំពោះការងាប់ក្របីរបស់ខ្លួនទៅវិញ ខណៈក្របីនេះផ្អើលរត់ចូលឡានគេកំពុងធ្វើដំណើរសោះ៕