(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន១០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ក្រសួងការពារជាតិ។
ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ដោយមានការអញ្ជើញទទួលដោយផ្ទាល់ពី នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៃក្រសួងការពារជាតិ។
លោកស្រី ឱ វណ្ណឌីន បានថ្លែងបញ្ជាក់ថា រថយន្តដឹកវ៉ាក់សាំងនេះ ជាតម្រូវការចាំបាច់ណាស់សម្រាប់ក្រុមការងារក្រុមគ្រូពេទ្យរបស់កងទ័ព ដើម្បីដឹកវ៉ាក់សាំង យកទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនប្រជាពលរដ្ឋយើងទូទាំងប្រទេសតែម្តង។
លោកស្រីថ្លែងបន្តថា នៅថ្ងៃដ៏ឆាប់ខាងមុខនេះ រថយន្តដឹកវ៉ាក់សាំង ប្រហែលជា៣០គ្រឿងទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើការប្រគល់ចាត់ចែងជូនដល់មន្ទីរសុខាភិបាលរាជធានី និងខេត្ត៕