(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំក្រុមការងារនាំយកម៉ាស៊ីនបូមទឹក ចុះជួយអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ក្នុងស្ថានភាពរាំងស្ងួតគ្មានភ្លៀងធ្លាក់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបង្កឲ្យដំណាំស្រូវ និងដំណាំផ្សេងៗទៀត ប្រឈមនឹងការខ្វះខាតទឹកប្រមាណ ១៩៥ហិកតា លើ២០៤គ្រួសារ នៅភូមិសាស្រ្ត ចំនួន០៥ភូមិ ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ក្នុងនោះមាន ភូមិព្រៃព្រូសប៉ះពាល់ ៣៧ហិកតា, ភូមិដើមស្វាយ ៤៥ហិកតា, ភូមិលក្ខជា ៦០ហិកតា, ភូមិកោះតាកូវ ២ហិកតា និងភូមិព្រែកក្រឹស ២៥ហិកតា។
ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅទីនោះនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ លោក ជាវ តាយ បានថ្លែងនៅថា បញ្ហាប្រឈម បញ្ហាសំណូមពរ និងការលំបាក របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែមានការគិតគូរយកចិត្តទុកដាក់ខ្ពស់គ្រប់កាលៈទេសៈ និងដោះស្រាយ បានទាន់ពេលវេលា បើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ។
ពិសេសក្នុងបរិបទនៃការរងសម្ពាធឆ្លងរាតត្បាតដោយសារជំងឺកូវីដ១៩ ក៏ពិតមែន សម្ដេចតេជោ តែងតែបានណែនាំនិងជំរុញដល់រដ្ឋបាលស្ថាប័នជំនាញ និងអាជ្ញាធរ ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានជាប្រចាំ ដើម្បីចុះជួយអន្តរាគមន៍ដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ជាក់ស្ដែងក្នុងដំណាក់ កាលនេះ រដ្ឋបាលខេត្តកំពតមិនអាចទុកចោលឲ្យខូចខាតស្រូវ និងដំណាំរបស់ប្រជាពលរដ្ឋ ហើយមិនមានការជួយអន្តរាគមន៍ដោះស្រាយ ដើម្បីសង្គ្រោះស្រូវ របស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាការខ្វះខាតទឹក ដូចនៅក្នុងពេលនេះបានឡើយ។
លោកអភិបាលខេត្ត ក៏បានស្នើឱ្យមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋត្រូវរួមសហការគ្នាជម្នះរាល់ឧបសគ្គទាំងឡាយ ទៅតាមស្ថានភាពជាក់ស្ដែង។ ពិសេសគឺការ រស់នៅសម្របខ្លួនទៅតាមបរិបទថ្មីនៃជំងឺឆ្លងកូវីដ១៩ ត្រូវតែប្រុងប្រយ័ត្ននឹងអនុវត្តឲ្យបានល្អទាំងអស់គ្នា ដូចអនុវត្តតាមវិធានការសុខាភិបាលគឺ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសការឆ្លងជំងឺដ៏កាចសាហាវនេះចូលក្នុងសហគមន៍ និងដើម្បីសេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោក ជាវ តាយ ក៏បានផ្ដាំផ្ញើនិងសំណូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងស្ថាប័នជំនាញពាក់ព័ន្ធ ពិសេសមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត និងមន្ទីរ កសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ក៏ត្រូវតែបន្តតាមដានយកចិត្តទុកដាក់សហការគ្នាឱ្យបានជាប្រចាំ ដើម្បីពិនិត្យមើលក្នុងមូលដ្ឋានដែលស្រូវប្រជាពលរដ្ឋ បាននិងកំពុង ប្រឈមរងផលប៉ះពាល់ខ្វះខាតទឹក ដើម្បីជំរុញការចុះជួយអន្តរាគមន៍បូមទឹក សង្គ្រោះស្រូវ ឲ្យបានទាន់ពេលវេលាទៅតាមលទ្ធភាពដែលប្រភពទឹក មាននៅក្នុងតំបន់នោះ គឺមិនត្រូវទុកចោលឲ្យស្រូវរងការខូចខាតដោយមិនមានការជួយអន្តរាគមន៍ដោះស្រាយពីអាជ្ញាធរ និងស្ថាប័នជំនាញពាក់ព័ន្ធបានឡើយ។
លោក ជាវ តាយ បានលើកឡើង ដោយផ្នែកតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម ថានឹងមានភ្លៀងធ្លាក់នារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយសង្ឃឹមថា ស្រូវរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះមិនអាចទទួលរងផលប៉ះពាល់ខូចខាតធ្ងន់ធ្ងរអ្វីឡើយ។
ក្នុងឱកាសនោះដែរលោកអភិបាលខេត្ត ក៏បានប្រគល់ប្រេងម៉ាស៊ូត ចំនួន១០កាន ស្មើនឹង ៣០០លីត្រ ជូនដល់អាជ្ញាធរមូលដ្ឋានសម្រាប់ចាត់ចែងបូមទឹក ពីប្រឡាយមេ ដើម្បីបន្តស្រោចស្រពស្រូវ និងដំណាំរបស់ប្រជាពលរដ្ឋ និងបានជូនថវិកាសរុបចំនួន ៩៦ម៉ឺនរៀល ដល់ប្រជាពលរដ្ឋ កងកម្លាំងនគរបាល និងប្រជាការពារ ដែលចូលរួមសកម្មភាពនៅក្នុងមូលដ្ឋាន៕