(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យជូននូវសារលិខិតមួយច្បាប់ទៅកាន់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីសម្តែងទឹកព្រះទ័យអបអរសាទរថ្ងៃបុណ្យឯករាជ្យរបស់អាមេរិកលើកទី២៤៥ឆ្នាំ។
ក្នុងព្រះរាជសារនេះក្រៅតែពីការសម្តែងទឹកព្រះទ័យអបអរសាទរហើយនោះ ព្រះមហាក្សត្រខ្មែរក៏បានបង្ហាញទឹកព្រះទ័យសង្ឃឹមថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក ត្រូវបានពង្រឹងបន្ថែមទៀត។
ព្រះមហាក្សត្រខ្មែរ បានគូសរំលេចក្នុងព្រះរាជសារនោះថា «ខ្ញុំសង្ឃឹមថាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានជាយូរមកហើយរវាងប្រទេសយើងទាំងពីរនឹងត្រូវបានពង្រឹងបន្ថែមទៀតដើម្បីជាប្រយោជន៍ដល់ប្រជាជនយើងទាំងពីរ»។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានជូនពរឱ្យលោក ចូ បៃដិន មានសុខភាពល្អ និងសន្តិភាពនៅក្នុងចិត្ត និងសូមភាពរុងរឿងបន្តមានដល់សហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា ថ្ងៃទី០៤ ខែកក្កដា គឺជាថ្ងៃដ៏សែនរីករាយរបស់ប្រជាជាតិអាមេរិក ដណ្តើមបានឯករាជ្យរំដោះខ្លួនចេញពីអាណានិគមអង់គ្លេសបានទាំងស្រុងកាលពីឆ្នាំ១៧៧៦។
ប្រជាជាតិអាមេរិទាំងក្នុងប្រទេស និងនៅតំបន់នានាលើពិភពលោក តែងប្រារព្ធថ្ងៃដែលពួកគេដណ្តើមបាននូវសិទ្ធិសេរីភាពមកវិញនេះ។ នៅឆ្នាំ២០២១នេះ នៅសហរដ្ឋអាមេរិក ទោះបីស្ថិតក្នុងពេលនៃការរាតត្បាតជំងឺកូវីដ១៩យ៉ាងណាក្តី តែរដ្ឋាភិបាលអាមេរិកនៅតែប្រារព្ធពិធីនេះឡើងយ៉ាងឱឡារិក៕