(កំពង់ស្ពឺ)៖ ដើម្បីចូលរួមចំណែក និងឆ្លើយតបចំពោះការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅខេត្តកំពង់ស្ពឺ និងជាពិសេសអនុវត្តតាមយុទ្ធសាស្រ្ត៦ ចំណុចដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជំនួយជាបន្តបន្ទាប់ សម្រាប់ការប្រយុទ្ធនឹងការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ដែលជាការឧបត្ថម្ភរបស់អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាល ដើម្បីប្រើប្រាស់តាមតម្រូវការចាំបាច់។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ លោក សំ រិទ្ធី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ តំណាងលោក ហ៊ុន ម៉ានី បាននាំយកនូវគ្រែអ្នកជំងឺ ចំនួន៤០គ្រឿង ថវិកា២ម៉ឺនដុល្លា សម្រាប់ទិញអុកស៊ីសែន២០០ធុង និងឧបករណ៍ធ្វើតេស្តិ៍រហ័ស ចំនួន២,២៥០ឈុត សម្រាប់បំពាក់ក្នុងមណ្ឌលព្យាបាលអ្នកជំងឺពន្លឺថ្មី និងសម្រាប់ជូនរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលប្រើប្រាស់តាមការចាំបាច់។
ក្នុងនាមរដ្ឋបាលខេត្ត មន្ទីរអង្គភាព ពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងជំនួសមុខឲ្យប្រជាពលរដ្ឋទូទាំងខេត្ត លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានី ដែលតែងតែយកចិត្តទុកដាក់ និងបន្តការជួយឧបត្ថម្ភដល់យុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ដល់ រដ្ឋបាលខេត្ត ដែលមានទាំងស្បៀងអាហារ ម៉ាស ជែលលាងដៃ អាល់កុល សម្ភារ បរិក្ខាពេទ្យ ជួយឧបត្ថម្ភដល់ការរៀបចំមណ្ឌលព្យាបាល និងចុងក្រោយនេះ បានឧបត្ថម្ភគ្រែអ្នកជំងឺ អុកស៊ីសែន និងឧបករណ៍តេស្តិ៍រហ័ស ដែលសុទ្ធសឹងជាសម្ភារៈចាំបាច់សម្រាប់បម្រើដល់បេសកកម្មរបស់ក្រុមគ្រូពេទ្យ នៅជួរមុខរបស់យើង។
ឆ្លៀតក្នុងឱកាសនោះ លោក សំ រិទ្ធី បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ការកោតសរសើរ និងថ្លែងអំណរគុណពីលោក ហ៊ុន ម៉ានី ជូនចំពោះអាជ្ញាធរមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាក្រុមការងារទាំងអស់នៅក្នុងខេត្តជាពិសេស ក្រុមគ្រូ ពេទ្យ លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ និងបុគ្គលិកសិក្សា ដែលបានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងដំណាក់កាលដ៏លំបាកនេះ ហើយដែលកំពុងតស៊ូយ៉ាងស្វិតស្វាញក្នុងការជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ ពីជំងឺកូវីដ១៩ ដ៏កាចសាហាវមួយនេះទាំងការព្យាបាលអ្នកជំងឺ និងការទប់ស្កាត់ការឆ្លងថ្មីនៅតាមគ្រប់មុខសញ្ញាទាំងអស់ក្នុងក្របខណ្ឌខេត្ត។
ជាមួយនេះ លោក សំ រិទ្ធី ក៏បានបន្តអំពាវនាវសូមឲ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ ៣ការពារ ទោះបីបានចាក់វ៉ាក់សាំងហើយក៏ដោយ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ចំពោះការឆ្លងជាយថាហេតុណាមួយ ជាពិសេសប្រភេទវីរុសថ្មីដែលតា ដែលបាននិងកំពុងមានវត្តមាននៅខេត្តកំពង់ស្ពឺផងដែរ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៧៩៨នាក់ ក្នុងនោះ៦៣២នាក់ កំពុងស្ថិតក្នុងការព្យាបាល និងមានអ្នកស្លាប់ ៥៥នាក់។ ដោយឡែក ដំណើរការចាក់វ៉ាក់សាំងទូទាំងខេត្ត សម្រាប់ដូសទី១ អនុវត្តបានរហូតដល់៩៣,៨៨% ស្មើនឹងចំនួនអ្នកទទួលវ៉ាក់សាំងចំនួន ២៦១,៥៩៩នាក់៕