(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មានរួម រវាងក្រសួងសុខាភិបាល និងរដ្ឋបាលសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានពន្យល់អំពីលក្ខខណ្ឌ នៃការអនុញ្ញាតឱ្យអ្នកជំងឺកូវីដ១៩ ព្យាបាលនៅតាមផ្ទះ។

លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ដើម្បីដាក់អ្នកជំងឺកូវីដ១៩នោះឱ្យព្យាបាល នៅតាមផ្ទះ គឺឆ្លងកាត់ការវាយតម្លៃពីក្រុមគ្រូពេទ្យ និងមានការព្រមព្រៀង។ ក្រៅពីមានសភាពស្រាល ឬមិនចេញរោគសញ្ញា គឺផ្ទះគាត់ត្រូវមានអំណោយផលដោយមានបន្ទប់ដាច់ដោយឡែក មិនមែននៅបន្ទប់នៅរួមគ្នា ឬប្រើបន្ទប់ទឹករួមគ្នានោះទេ។ មុននឹងសម្រេចអនុញ្ញាត ឬផ្ដល់សិទ្ធិឱ្យព្យាបាលនៅតាមផ្ទះ ក៏ត្រូវទទួលបានព័ត៌មានលម្អិតពីអាជ្ញាធរមូលដ្ឋាន ដូចជាមេភូមិ ចៅសង្កាត់ ឬអាជ្ញាធរពាក់ព័ន្ធដែលនៅជិតបំផុតផងដែរ។

ជាងនេះទៅទៀត លោកអះអាងថា សម្រាប់ការព្យាបាលតាមផ្ទះនេះ ក៏ត្រូវមានអ្នកថែទាំអ្នកជំងឺកូវីដ១៩ម្នាក់ ដែលមានសុខភាពរឹងមាំ មានការយល់ដឹងពីវិធានសុខាភិបាល ដើម្បីសួរនាំសុខភាពពីអ្នកជំងឺ និងផ្ដល់ព័ត៌មានមកគ្រូពេទ្យវិញ។ អ្នកថែទាំអ្នកជំងឺកូវីដ១៩ មិនត្រូវទៅប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩នោះទេ ដោយគ្រប់ប្រាស្រ័យទាក់ទង ត្រូវតែរក្សាគម្លាតយ៉ាងតិច២ម៉ែត្រ ត្រូវពាក់ម៉ាស លាងដៃសម្អាតជានិច្ច។

រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានគូសបញ្ជាក់ទៀតថា «សម្រាប់អ្នកពាក់ព័ន្ធនៅក្នុងដំបូងផ្ទះតែមួយជាមួយអ្នកជំងឺកូវីដ១៩វិញ ត្រូវបានហាមឃាត់ដាច់ខាត ក្នុងការចេញធ្វើដំណើរទៅក្រៅ ប្រកបអាជីវកម្ម មុខរបរ ឬបំពេញកិច្ចការផ្សេងៗ ក្នុងរយៈពេលដែលចាប់ផ្ដើមដាក់អ្នកជំងឺព្យាបាលនៅផ្ទះ ហើយត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃ ក្នុងនាមជាអ្នកធ្វើចត្ដាឡីស័ក ឱ្យបានខ្ជាប់ខ្ជូន តាមវិធានការសុខាភិបាល។

ក្នុងឱកាសនោះ លោកក៏បានពន្យល់លម្អិតផងដែរ ពីស្ថានភាពអ្នកជំងឺកូវីដ១៩ កម្រិតស្រាល ឬគ្មានរោគសញ្ញា ដោយករណីគ្មានរោគសញ្ញា គឺគ្មានសញ្ញានៃការបង្កររោគ សុខភាពរឹងមាំ ស្មារតីល្អធម្មតា។ សម្រាប់អ្នកករណីកម្រិតស្រាល មានស្ថានភាពដូចជា៖ ផ្ដាសាយ ហៀរសំបោរ ឈឺបំពង់ករ ឈឺសាច់ដុំ និងសន្លាក់ កំដៅ៣៧ ឬតិចជាង ៣៨អង្សាសេ, កំហាប់អុកស៊ីសែន ចាប់ពី៩៥% ឡើង, ចង្វាក់ដង្ហើមធម្មតា (១៨-២០ដង/នាទី សម្រាប់មនុស្សពេញវ័យ), មិនមែនជាជនងាយប្រឈម ដូចជា ស្ដ្រីមានផ្ទៃពោះ កុមារ និងចាស់ជរា។

បើតាម លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ, សម្រាប់ការដាក់ឱ្យព្យាបាលនៅតាមផ្ទះនេះ អាជ្ញាធរនឹងជួយសម្រួលដល់ជីវភាពអ្នកជំងឺ ប្រសិនបើគាត់មានការប៉ះពាល់នៅពេលកំពុងព្យាបាល។

ការអនុញ្ញាតឱ្យមានការព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅតាមផ្ទះ បន្ទាប់ពីមានកំណើននៃអ្នកជំងឺកូវីដ១៩ ដែលព្យាបាលនៅតាមមន្ទីរពេទ្យ កាន់តែមានចំនួនច្រើនឡើង។ គិតត្រឹមព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦១,៨៧០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥៣,៤៧៧នាក់ និងស្លាប់សរុបចំនួន ៩២៥នាក់។

ការព្យាបាលនៅតាមផ្ទះ បានអនុវត្តមុនគេនៅរាជធានីភ្នំពេញ។ រហូតមកដល់ពេលនេះ មានអ្នកជំងឺកូវីដ១៩ កម្រិតស្រាលចំនួន១០៣៣នាក់ហើយ ត្រូវបានដាក់ឱ្យព្យាបាលនៅតាមផ្ទះ នៅក្នុងរាជធានីភ្នំពេញ ហើយក្នុងនោះមានអ្នកជំងឺប្រមាណ២៦៨នាក់ផងដែរ ដែលបានជាសះស្បើយ។

លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា ឆាប់ៗនេះនឹងមានការដាក់ឱ្យព្យាបាលនៅតាមផ្ទះ ក្នុងខេត្តកណ្តាល ហើយនឹងបន្តគិតគូរទៅខេត្តផ្សេងទៀត នៅជំហានបន្ទាប់ផងដែរ៕