(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានរៀបចំយុទ្ធនាការជាតិទប់ស្កាត់ជំងឺកូវីដ-១៩ ដោយដង្ហែរក្បួនរថយន្តជាង១០០គ្រឿង និងចាក់សារសម្លេងស្តីពីវិធានការការពារជំងឺកូវីដ-១៩ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានការប្រុងប្រយ័ត្នថែមទៀត។
លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News ឱ្យដឹងថា៖ «យុទ្ធនាការជាតិទប់ស្កាត់ជំងឺកូវីដ-១៩ ដែលមានដង្ហែរជាក្បួនរថយន្តនេះ គឺយើងធ្វើការដង្ហែរចេញពីខេត្តព្រះវិហារ ឆ្ពោះទៅឃុំពោធិ៍ ស្រុកត្បែងមានជ័យ និងត្រឡប់មកវិញ យើងដង្ហែរចែកចេញជា ៣ក្រុមទៀតគឺ៖ ក្រុមទី១ ដង្ហែរទៅដល់ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ, ក្រុមទី២៖ ដង្ហែរ ទៅដល់ឃុំឈានមុខ ស្រុកត្បែងមានជ័យ និងក្រុមទី៣៖ ដង្ហែរជុំវិញក្រុងព្រះវិហារ»។
លោកបានបញ្ជាក់អោយដឹងយ៉ាងដូច្នេះទៀតថា៖ «ការរៀបចំយុទ្ធនាការជាតិទប់ស្កាត់ជំងឺកូវីដ-១៩ ដោយដង្ហែរជាក្បូនរថយន្តនេះ គឺក្នុងគោលបំណង៖
*ទី១៖ គឺដើម្បីផ្ញើសារជូនសាធារណជនឱ្យបានជ្រាប ឱ្យបានយល់បន្ថែមទាក់ទងទៅ និងវិធានការនានា របស់ក្រសួងសុខាភិបាល និងរបស់រាជរដ្ឋាភិបាល។
*ទី២៖ គឺចង់បង្ហាញពីការរួមគ្នា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីឈ្នះកូវីដ បានលុះត្រាតែយើងមានការចូលរួមទាំងអស់គ្នា ហើយពិធីថ្ងៃនេះ បានបញ្ជាក់ពីការរួមគ្នាដោយមានរថយន្តរហូតជាង១២០គ្រឿង បានចូលរួមដង្ហែរ។
*ទី៣៖ គឺការគោះជួង ឬគោះស្គរ និងពញាក់ឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍ ដើម្បីមានវិធានការការពារជំងឺកូវីដ-១៩នេះ។
*ទី៤៖ ការរៀបចំពិធីនៅពេលនេះ គឺជាគំរូមួយសម្រាប់ឱ្យរដ្ឋបាលស្រុកនានានៅក្នុងខេត្តព្រះវិហារ អាចរៀបចំដូចអ្វីដែលរដ្ឋបាលខេត្តកំពុងតែធ្វើអញ្ចឹងដែរ»។
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានថ្លែងអរគុណចំពោះអង្គភាពពាក់ព័ន្ធទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត ដែលបានចូលរួមដង្ហែរក្បួនយុទ្ធនាការជាតិទប់ស្កាត់ជំងឺកូវីដ-១៩នេះ។
លោកប្រធានមន្ទីរ ក៏បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវបន្តប្រុងប្រយ័ត្នការពារពីជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍ឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍យើងពីជំងឺកូវីដ១៩៕