(ព្រៃវែង)៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានថ្លែងថា នៅក្នុងខេត្តព្រៃវែង មានសត្វគោ ក្របីសរុបចំនួន ៣៧៥,៩២៦ក្បាល ក្នុងនោះមានគោ សរុប ៣៦១,០៦១, ក្របី សរុប ១៤,៨៦៥ក្បាល ចំពោះមុខនេះតាមការសម្រង់ស្ថិតិសត្វឈឺ ដុំពកស្បែកសរុបទូទាំងខេត្ត មានសត្វឈឺសរុបចំនួន៣៥០ក្បាល បានព្យាបាលជាចំនួន៦០ក្បាល ក្រៅពីនេះកំពុងបន្តព្យាបាល និងមានងាប់កូនគោចំនួន៥ក្បាលផងដែ។
ជាមួយគ្នានេះលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ក៏ជំរុញឱ្កយមន្ទីរជំនាញយកចិត្តទុកដាក់ក្នុងផ្តល់សេវាចាក់វ៉ាក់សាំង និងជួយព្យាបាលជំងឺសត្វជូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ឱ្យបានខ្លាំងក្លាបន្ថែមទៀតផងដែរ។
លោកបានបន្តថា កាលពីម្សិលមិញ លោកបានដឹកនាំកម្លាំងមន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ បន្តបើកយុទ្ធនាការចាក់វាក់សាំងការពារជំងឺដុំពកស្បែកគោ ក្របីជូនប្រជាពលរដ្ឋនៅភូមិក្រសាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
លោក អ៊ុក សំណាង បានបញ្ជាក់ថា ក្នុងយុទ្ឋនាការនេះសម្រេចាក់វាក់សាំងការពារជំងឺពកស្បែកនៅស្រុកមេសាង បានគោសរុបចំនួន១៤០ក្បាល និងចាក់ថ្នាំព្យាបាលគោឈឺបានសរុបចំនួន ៣២ក្បាល និងបានចែកថ្នាំពណ៌ស្វាយសម្រាប់យកទៅលាបដំបៅគោរួមជាមួយខិតបណ្ណផ្សព្វផ្សាយបច្ចេកទេសការការពារ និងព្យាបាលជំងឺផងដែរ។
លោក អ៊ុក សំណាង បានឱ្យដឹងថា ខាងមន្ទីរបានផ្តល់ថ្នាំព្យាបាល និងវ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ ក្របី ដើម្បីចាក់ជូនគោ ក្របី របស់ប្រជាពលរដ្ឋផងដែរ៕