(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជាតិ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងសហការី នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញសួរសុខទុក្ខកងកម្លាំង និងប្រគល់អំណោយ ជូនដល់អាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមក្នុងអង្គភាព។

ទន្ទឹមជាមួយការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងនាមជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជំនួសមុខឲ្យកងកម្លាំងកងរាជអាវុធហត្ថ ក្រោមឱវាទទាំងអស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាអនេក ដែលទទួលបានកិត្តិយសដ៏ឧត្តុង្គឧត្តមពីសំណាក់ លោក ហ៊ុន ម៉ានី, លោក សាយ សំអាល់ ព្រមទាំងសហការីទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចុះមកសួរសុខទុក្ខ ដល់កងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញផ្ទាល់។

បន្ថែមពីនេះ ក៏បាននាំយកមកនូវអំណោយ ជាសម្ភារៈ ថវិកា គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ជាច្រើនមុខ រួមមាន អង្ករចំនួន ១២តោនកន្លះ, ត្រីខកំប៉ុង ១៣៧កេស, អាវភ្លៀង៨០០អាវ, កូកាកូឡា២០០កេស, ទឹកថ្នាំសម្លាប់ មេរោគ០២ធុងធំ, វីតាមីនសេ ០៥កេស និងថវិកា៣,០០០ដុល្លារ ផ្តល់ជូនដល់កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ផងដែរ។ នេះពុំមែនជាលើកទី១ទេ កន្លងអាវុធហត្ថរាជធានីភ្នំពេញ តែងបានទទួលការយកចិត្តទុកដាក់ពីសំណាក់ លោក ហ៊ុន ម៉ានី និងស្រី ព្រមទាំងក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា ជាច្រើនលើកច្រើនសារមកហើយ។

ថ្លែងក្នុងឱកាសនេះ លោក ហ៊ុន ម៉ានី បានលើកឡើងថា វត្តមានរបស់លោក និងសហការីក្នុងថ្ងៃនេះ គឺចេញមកពីការចង់ចូលរួមមួយផ្នែកណាមួយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការតាមរយៈការឧបត្ថម្ភជាស្បៀងមួយចំនួនផ្គត់ផ្គង់ដល់ការប្រើប្រាស់ និងចង់បង្ហាញពីការថ្លែងអំណរគុណ ជូនទៅដល់កងកម្លាំង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងតាមបណ្តាខណ្ឌនីមួយៗ ចំពោះការលះបង់ និងការខំប្រឹងប្រែង ដោយមិនមានពេលវេលាសម្រាប់ ក្រុមគ្រួសាររបស់ខ្លួន មិនថាក្នុងដំណាក់កាលមុនកូវីដ-១៩ ឬក្នុងអំឡុងកូវីដ-១៩ និង ឆ្ពោះទៅខាងមុខ ក្នុងបរិបទក្រោយកូវីដ-១៩ ដែលត្រូវរៀនរស់ជាមួយកូវីដ-១៩។

ជាពិសេសលោក ហ៊ុន ម៉ានី បានកោតសរសើរនូវការទប់ស្កាត់ ការចលាចលនៅក្នុងចន្លោះឆ្នាំ២០១៣ និង២០១៤, ការចូលរួមការពារ និងថែររក្សាសុខសន្តិភាព ស្ថេរភាពសង្គម ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងការកសាងអភិវឌ្ឍន៍រៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយទៅតាមកាលៈទេសៈតម្រូវ នៅក្នុងអង្គភាព ក៏ដូចជាការរៀបចំរបៀបរបបរស់នៅ និងអនុវត្តការងារជាទម្លាប់ថ្មី ដើម្បីធានាថាមិនឆ្លងជំងឺកូវីដ-១៩ ស្របតាមគោលការណ៍ជាក់ស្តែង និងគោលការណ៍ របស់ក្រសួងសុខាភិបាល។

ក្រៅពីនេះទៅទៀត លលោកកត់សម្គាល់ឃើញថា កងរាជអាវុធហត្ថរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង គឺតែងតែស្របទៅតាមបរិបទសង្គមជាបន្តបន្ទាប់ ដូចជាការអនុវត្តការងារ ឬបេសកកម្មក្នុងប្រតិបត្តិការ ទប់ស្កាត់ និងចាប់បញ្ជូនអ្នកដែលកើតកូវីដ-១៩ ដែលរត់ចេញពីមណ្ឌលព្យាបាលឲ្យត្រឡប់ចូលមណ្ឌលវិញ ដែលក្នុងនោះកម្លាំងអាវុធហត្ថត្រូវដាក់ខ្លួនប្រឈមមុខ នឹងហានិភ័យនៃការឆ្លងកូវីដ-១៩ តែអាវុធហត្ថអាចមានវិធានការ និងសម្ភារៈសមស្រប ក្នុងការអនុវត្តបេសកកម្មបានជោគជ័យ។

លោកក៏លើកឡើងនូវការគាំទ្រ និងលើកទឹកចិត្តបន្ថែមទៀត ចំពោះការទំនាក់ទំនងជាមួយប្រជាជន និងមហាជននៅក្នុងសហគមន៍ តាមរយៈប្រតិបត្តិការផ្ទាល់ យកចិត្តទុកដាក់លើជីវភាពប្រចាំថ្ងៃ ទៅលើអ្វីដែលជាកត្តាចាំបាច់ ហើយនឹងតម្រូវការក្នុងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ប្រកបដោយស្នាមញញឹម ផ្តល់ភាពកក់ក្តៅទៅពួកគាត់ ឲ្យមានជំនឿទុកចិត្តគ្រប់ពេលជួបប្រទះបញ្ហាផ្សេងៗ គឺមានកងរាជអាវុធហត្ថនៅផ្សាភ្ជាប់ជាមួយគាត់ អមជាមួយអាជ្ញាធរមូលដ្ឋាន ដូចដែលអាវុធហត្ថបានផលិតជាវីដូអូបង្ហាញ អំពីតួនាទី និងការលះបង់របស់កងរាជអាវុធហត្ថ ផ្តល់នូវសុវត្ថិភាព និងភាពកក់ក្តៅជូនដល់ពលរដ្ឋ។

ជាចុងបញ្ចប់ លោក ហ៊ុន ម៉ានី បានផ្តាំផ្ញើថា សូមឲ្យទាំងអស់គ្នាជឿជាក់លើរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនដែលបោះបង់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យនៅឯកកា ឬមានការខ្វះខាតនោះឡើយ។ លោកបានលើកឡើងនូវឃ្លាមួយដែលថ្នាក់ដឹកនាំតែងតែពិភាក្សា ឲ្យកងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ នោះគឺ «មិនថាក្នុងកាលៈទេសៈចលាចល មិនថាក្នុងកាលៈទេសៈសុខសន្តិភាព ជាពិសេសនៅក្នុងកាលៈទេសៈសុខសន្តិភាព ស្មារតី នៃការប្រុងប្រយ័ត្ន មិនត្រឹមតែត្រូវបានថែរក្សាទេ គឺត្រូវតែត្រូវបានបង្កើនជានិច្ច»