(កំពង់ឆ្នាំង)៖ បន្ទាប់ពីផ្ទុះករណីទំនាស់រវាងប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំង នៅភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ជាមួយលោកស្រី អ៊ូ ប៉ែន ជាអ្នកផ្គត់ផ្គង់ទឹករួចមក នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានអធិការកិច្ច ក្រសួងការពារជាតិ បានចុះមកពិនិត្យស្រាវជ្រាវ និងដោះស្រាយតាមអនុសាសន៍របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងតាមសំណូមពររបស់ប្រជាពលរដ្ឋ។

នៅក្នុងកិច្ចឆ្លើយបំភ្លឺជូនក្រុមអធិការកិច្ច ក្រសួងការពារជាតិ ក៏មានវត្តមានប្រជាពលរដ្ឋជាចូលរួមជាច្រើននាក់ផងដែរ។ នាពេលនោះ លោក នុប ហូយ មេភូមិកងមាស បានបញ្ជាក់ប្រាប់ក្រុមអធិការកិច្ចថា លោកទើបតែធ្វើជាមេភូមិកងមាសនៅឆ្នាំ២០១៩ បើគិតមកដល់ពេលនេះ មានរយៈពេល២ឆ្នាំហើយ។

លោកមិនដែលដឹងថាមានសហគមន៍កសិករប្រើប្រាស់ទឹកភូមិកងមាសនោះទេ ប៉ុន្តែនៅពេលលោកឡើងជាមេភូមិ លោកបានឃើញលោកស្រី អ៊ូ ប៉ែន ជាអ្នកកាន់កាប់ស្ថានីយ៍បូមទឹក និងប្រឡាយមេ សម្រាប់បូមទឹកចេញ ពីបឹងដាក់ប្រឡាយមេ សម្រាប់ឱ្យយប្រជាពលរដ្ឋប្រើប្រាស់ដោយគិតប្រាក់ពីពួកគាត់ក្នុង១ ហិកតា ៣០ម៉ឺនរៀល។

លោកបានបន្តថា ស្ថានីយបូមទឹកដែលមានទាំងប្រឡាយមេប្រវែង៥០០ម៉ែត្រ នៅក្នុងភូមិកងមាសនេះ គឺជាសមិទ្ធផលរបស់អង្គការប្រាសាក់ ដែលសាងសង់សម្រាប់បូមទឹកបង្ហៀរចូលស្រែស្រោចស្រពស្រែប្រាំងជូនប្រជាពលរដ្ឋ។ តែជាច្រើនឆ្នាំកន្លងមកនេះត្រូវបានលោកស្រី អ៊ូ ប៉ែន គ្រប់គ្រងស្ថានីយបូមទឹកនេះបន្ត។

ក្នុងរយៈពេល នៃការគ្រប់គ្រងស្ថានីយខាងលើនេះដែរលោកស្រី អ៊ូ ប៉ែន ក៏បានលុបប្រឡាយមេរបស់អង្គការប្រាសាក់មួយខ្សែ ប្រវែងជិត ៥០០ម៉ែត្រ មិនដឹងថាអាជ្ញាធរ និងមន្ត្រីជំនាញបានដឹងដែរ ឬទេ។ ចំណែកការផ្គត់ផ្គង់ទឹកកន្លងមក ក៏ពុំបានគ្រប់គ្រាន់ តាមតម្រូវការរបស់ប្រជាពលរដ្ឋ ពេលខ្លះធ្វើឱ្យស្រូវស្កកជាដើម ទើបប្រជាពលរដ្ឋជាច្រើននាក់នាំគ្នាផ្ដិតមេដៃប្ដឹងទៅសម្ដេចពិជ័យសេនា រដ្ឋមន្ត្រីក្រសួងការពារជាតិ ឱ្យជួយដោះស្រាយពីបញ្ហានេះ។

តំណាងប្រជាពលរដ្ឋលោក សូរ សម្បត្តិ អាយុ៧៦ឆ្នាំ មានទីលំនៅភូមិកងមាស បានបញ្ជាក់ថា កាលដើមឡើយប្រឡាយ១ខ្សែ និងស្ថានីយបូមទឹកនេះ គឺជារបស់អង្គការប្រាសាក់ កាលណោះប្រជាពលរដ្ឋបានប្រើប្រាស់ទឹក ពីអង្គការប្រាសាក់ ដោយមិនមានបង់ប្រាក់អ្វីទេ។

ហើយកាលណោះទឹកដែលបានបូមចេញពីបឹងធ្លាក់ចូលប្រឡាយមេ មានកម្ពស់ខ្ពស់ជាស្រែប្រជាពលរដ្ឋគ្រាន់តែកាប់ភ្លឺស្រែ ទឹកហ៊ៀរហូរចូលស្រែ ដោយមិនពិបាកបួមឡើយ។ ប៉ុន្តែក្រោយមកពេលលោកស្រី អ៊ូ ប៉ែន កាន់កាប់គាត់ចេះតែស្ដារឱ្យជ្រៅ ធ្វើឱ្យប្រឡាយមានជម្រៅជ្រៅជាងស្រែ ម្លោះហើយពេលប្រជាពលរដ្ឋ ចង់បានទឹកដាក់ស្រែត្រូវយកម៉ាស៊ីនបូមទឹកពីប្រឡាយមេ ប៉ុន្តែ ត្រូវបង់ក្នុងម៉ាស៊ីន ១គ្រឿង ថ្លៃពី១០ ទៅ១៥ម៉ឺនរៀល។

ចំណែកអ្នកដែលមានស្រែឆ្ងាយៗ ត្រូវបូមចេញពីប្រឡាយជើងក្អែប ក្នុង១ហិកតា ៣០ម៉ឺនរៀល។ ហេតុនេះ ហើយទើបពួកគាត់សំណូមពរដល់អាជ្ញាធរ ក្រសួងមានសមត្ថកិច្ចឱ្យជួយដោះស្រាយប្រគល់ប្រឡាយ និងទីតាំងស្ថានីយខាងលើមកឱ្យប្រជាពលរដ្ឋប្រើប្រាស់វិញ។

ដោយឡែកលោកស្រី អ៊ូ ប៉ែន បានបញ្ជាក់ថា លោកស្រី បានទទួលសិទ្ធិគ្រប់គ្រងប្រឡាយនេះពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត នៅឆ្នាំ២០១១ បន្ទាប់ពីអង្គការប្រាសាក់បានបោះបង់ទៅ។ កាលណោះគឺគ្មានអ្វីទាំងអស់ លោកស្រីបានចំណាយប្រាក់ផ្ទាល់ខ្លួនក្នុងការស្ដារប្រឡាយបូម ទឹកពីបឹង និងជីកប្រឡាយជើងក្អែបជាច្រើន សម្រាប់ឱ្យប្រជាពលរដ្ឋដាក់ម៉ាស៊ីនបូមទឹកប្រើប្រាស់ ដោយបានយ កកម្រៃក្នុង១ហិកតា ៣០ម៉ឺនរៀលពិតមែន ព្រោះលោកស្រីក៏បានចំណាយប្រាក់ច្រើនដែរ។

ប៉ុន្តែសូមកុំចោទលោកស្រីថា បានយកឈ្មោះ ផង់ សុភឿន ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលត្រូវជាប្តីលោកស្រីថា មកកៀបសង្កត់ប្រជាពលរដ្ឋ គឺមិនត្រូវឡើយ។

លោកស្រីបានបញ្ជាក់ថា លោកស្រីគ្រប់គ្រងស្ថានីយ និងប្រឡាយទឹកក្នុងភូមិកងមាសនេះ ពីមន្ទីរធនធានទឹក ដោយអាជ្ញាធរដឹងឮផងដែរ។ ចំណែកដែលចោទលោកស្រីថា យកលុយបន្ថែមថ្លៃដាក់ម៉ាស៊ីនបូមទឹកចេញពីប្រឡាយមេក្នុង១គ្រឿងពី១០ ទៅ១៥ម៉ឺនរៀលនោះ គឺមិនពិតនោះទេ លោកស្រីបញ្ជាក់បន្ថែមថាលោកស្រីក៏មិនមែនជាសហគមន៍ ឬសមាគមអ្វីនោះដែរ។

លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី២ ខែកញ្ញាថា ការបង្កើតសហគមន៍ ឬមិនសហគមន៍ វាជារឿងដូចគ្នាទេ អ្នកណាក៏មានសិទ្ធិគ្រប់គ្រងបានដែរ។ ចំពោះរឿងផ្ទៃដី១ហិកតាយកថ្លៃ៣០ម៉ឺនរៀល គឺល្មមសមគួរហើយ កន្លែងខ្លះថ្លៃជាងនេះទៀត។ បើទទួលយកបានយកទៅរស់ទាំងអស់គ្នា ព្រោះប្រសិនបើផ្ដាច់មិនឱ្យមានអ្នកគ្រប់គ្រងទឹក តើពួកគាត់បានទឹកឯណាធ្វើស្រែបង្កបង្កើនផល។

ទាក់ទងនឹងការចុះពិនិត្យស្រាវជ្រាវជាក់ស្ដែងលើករណីទំនាស់ស្ថានីយបូមទឹកខាងលើនេះដែរ លោកឧត្តមសេនីយ៍ទោ ព្រុំ ជឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានអធិការកិច្ចក្រសួងការពារជាតិ បានឱ្យដឹងថា ក្រោយពីមានបណ្ដឹងរបស់ប្រជាពលរដ្ឋនៅភូមិកងមាសនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានឱ្យក្រុមការងារចុះមកស្រាវជ្រាវដោះស្រាយ ដោយធ្វើរបាយការណ៍ ដើម្បីដាក់ជូនអាជ្ញាធរខេត្ត និងសុំប្រគល់ស្ថានីយបូមទឹក និងប្រឡាយទាំងនេះជូនប្រជាពលរដ្ឋក្នុងភូមិកងមាស កាន់កាប់ប្រើប្រាស់គ្រប់គ្រងជាសមូហភាពវិញ៕