(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចំានៅប្រទេសកម្ពុជា បានផ្តល់ជំនួយជិត ៨លានដុល្លារអាមេរិក ដើម្បីបង្កើតមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដែលអគារនេះជាជំនួយ នៃការបង្កើតប្រព័ន្ធបណ្តុះបណ្តាលធុរកិច្ចសម្រាប់កម្ពុជា របស់សាធារណរដ្ឋកូរ៉េ។

ពិធីបើកការដ្ឋានសាងសង់ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីបណ្ឌិត្យសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា, លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា, លោក Rho Hyun-Jun ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចំានៅប្រទេសកម្ពុជា និងមានការចូលរួមដោយបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក នោ ហ្យន់ជូន បានឲ្យដឹងថា ជំនួយជិត៨លានដុល្លារនេះ គឺបូកទាំងចំណាយទៅលើការសាងសង់អគារ បំពាក់សម្ភារបរិក្ខារ និងការបណ្តុះបណ្តាលបុគ្គលិកនៅក្នុងមជ្ឈមណ្ឌល។ អគារមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា នឹងត្រូវសាងសង់រួច នៅឆ្នាំ២០២៣។

សូមជម្រាបថា អគារមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ត្រូវបានបង្កើតឡើងដោយស្ថិតក្នុង «គម្រោងបង្កើតប្រព័ន្ធជំរុញពាណិជ្ជកម្ម រវាងសាកលវិទ្យាល័យ និងឧស្សាហកម្មនៅកម្ពុជា» ដែលមានគោលដៅសម្រេចឲ្យបាននូវការធ្វើពិពិធកម្មឧស្សាហកម្ម តាមរយៈការបង្កើតប្រព័ន្ធអេកូ សម្រាប់ការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា។

បើតាមលោកបណ្ឌិត ស្រ៊ុន សូវិឡា នាយកមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា បានឲ្យដឹងថា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជានេះ មិនមែនសម្រាប់តែនិស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញទេ គឺសម្រាប់មនុស្សគ្រប់គ្នាទូទៅតែម្តង។

បណ្ឌិត ជេត ជាលី បានឲ្យដឹងថា អគារនេះមានកម្ពស់ ៣ជាន់ និងត្រូវសាងសង់លើផ្ទៃដី ២២០០ម៉ែត្រក្រឡា។ លោកបានអរគុណ ដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានសុំគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ដីសួនច្បារក្បែររបងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីសាងសង់អគារដ៏ប្រណីតនេះ៕