(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រមជាមួយក្រុមការងារបានអញ្ជើញប្រគល់ផ្ទះចំនួន ១១ខ្នង និងចែកស្បៀងជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ២៩គ្រួសារ នៅស្រុកឧដុង្គ។
លោក វ៉ី សំណាង បានថ្លែងថា ប្រជាពលរដ្ឋ ដែលធ្លាប់ជួបខ្យល់កន្ត្រាក់ដែលធ្វើឱ្យបំផ្លាញផ្ទះរបស់គាត់រាបដល់ដីយើងក៏បានធ្វើផ្ទះជូនគាត់ ហើយកាកបាទក្រហមខេត្តជាអ្នកធ្វើជូនគាត់ ហើយមួយវិញទៀត មុខសញ្ញាដែលយើងធ្វើឱ្យគាត់ខ្លះ គឺជាជនក្រីក្រទុរគត ដែលគាត់គ្មានលទ្ធភាពក្នុងការសាងសង់ផ្ទះ ក៏កាកបាទក្រហមខេត្តពិនិត្យលទ្ធភាពនៅក្នុងការផ្ដល់ជាផ្ទះជូនគាត់ដែរ។
លោកអភិបាលបន្តថា មកដល់ពេលនេះ គឺអត់មានពេលវេលាកំណត់ថាចែកផ្ទះប៉ុន្មានទេ ឱ្យតែកន្លែងណាដែលរកឃើញថាគាត់មានផលលំបាក ឬក៏ជួបប្រទះនូវគ្រោះរាំងស្ងួត និងខ្យល់កន្ត្រាក់បំផ្លាញផ្ទះគាត់ ឬក៏គាត់ក្រីក្រទុរគត ដែលគ្មានលទ្ធភាពធ្វើ គឺយើងពិនិត្យលទ្ធភាពធ្វើជូនគាត់គ្រប់ទីកន្លែង គ្រប់ស្រុក គ្រប់ឃុំផងដែរ។ ជាពិសេសមិនបានប្រកាន់និន្នាការនយោបាយឡើយ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកកាបាទក្រហមកម្ពុជា។
ផ្ទះត្រូវចែកជូនពលរដ្ឋទាំងធ្វើឡើងចំនួន ៦ឃុំរួមមាន៖
ទី១៖ សាលាឃុំក្រាំងចេក ចំនួន៨ គ្រួសារ ប្រគល់ផ្ទះ ៣ខ្នង។
ទី២៖ ភូមិទឹកឬស្សី ឃុំមានជ័យ ចំនួន ៨គ្រួសារ ប្រគល់ផ្ទះ ៣ខ្នង។
ទី៣៖ ភូមិដំណាក់ស្មាច់ ឃុំវាលពង់ចំនួន ៦គ្រួសារ ប្រគល់ផ្ទះ ១ខ្នង។
ទី៤៖ ភូមិអង្ក្រង ឃុំព្រះស្រែ ចំនួន៦គ្រួសារ ប្រគល់ផ្ទះ ១ខ្នង។
ទី៥៖ ភូមិត្រពាំងក្រឡឹង ឃុំភ្នំតូចចំនួន ៦គ្រួសារ ប្រគល់ផ្ទះ ១ខ្នង។
ទី៦៖ ភូមិត្រពាំងល្វា ឃុំត្រពាំងល្វា ចំនួន ៦គ្រួសារ និងប្រគល់ផ្ទះ ១ខ្នង៕