(ភ្នំពេញ)៖ លោក ថោង ខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក នៃខេត្តកំពង់ធំ បានណែនាំនូវអនុសាសន៍ចាំបាច់មួយទៀតដល់អាជ្ញាធរស្រុកទាំងពីរនេះ ដើម្បីបន្តពង្រឹងវិធានការសុខាភិបាលនៅតាមទីវត្តអារាម និងទីទេសចរណ៍កម្សាន្តនានា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ។
ការណែនាំនូវអនុសាសន៍ទាំងនេះធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារគណបក្សស្រុកបារាយណ៍ និងស្រុកតាំងគោក និងការងារពង្រឹងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូខន់ហ្វេរិន។
បន្ទាប់ពីស្ដាប់របាយការណ៍ពីសំណាក់ប្រធានគណបក្សស្រុកទាំងពីរ និងមតិយោបល់របស់ក្រុមការងារចុះជួយមូលដ្ឋាននោះរួចមក លោក ថោង ខុន បានផ្ដល់អនុសាសន៍ចាំបាច់មួយចំនួន ដើម្បីឱ្យអាជ្ញាធរបន្តអនុវត្តការងារពង្រឹងវិធានការសុខាភិបាល យុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ការងារកសាងគណបក្ស ការងារត្រៀមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នៅឆ្នាំ២០២២ ព្រមទាំងការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ។
លោកបានណែនាំឱ្យជួយរៀបចំជាមួយគណៈកម្មការវត្តនីមួយៗ ចំពោះការត្រៀមទទួលចង្ហាន់គ្រឿងទេយ្យទានពីប្រជាពុទ្ធបរិស័ទ ចាប់ពីឱកាសពិធីបុណ្យកាន់បិណ្ឌរហូតដល់ពិធីបុណ្យភ្ជុំបិណ្ឌ ធ្វើឱ្យយ៉ាងណាឱ្យរក្សាគម្លាតឱ្យបានចាប់ពី ១.៥ ម៉ែត្រឡើងទៅ។ មិនត្រូវឱ្យប្រជាពលរដ្ឋឈរបន្តគ្នាកិបៗគ្នាឡើយ ពោលគឺត្រូវរៀបចំឱ្យមានការឆ្លាស់គ្នា ជៀសវាងការនៅក្បែរៗគ្នា ឬជួបជុំគ្នា។ ត្រួតពិនិត្យការពាក់ម៉ាស់របស់ប្រជាពលរដ្ឋដែលទៅវត្ត ឬទៅទីទេសចរណ៍នានា។
អប់រំផ្សព្វផ្សាយតាមរយៈម៉ាយក្រូពីការអនុវត្តវិធានសុខាភិបាល ពិសេសត្រូវពង្រឹងវិធានការ «៣-ការពារ ៣-កុំ» ឱ្យខាងតែបាន ទាំងព្រះសង្ឃ និងប្រជាជនត្រូវពាក់ម៉ាស់ឱ្យបានជាប្រចាំ។
លោក ថោង ខុន បានណែនាំបន្តឱ្យអាជ្ញាធរចុះអនុវត្តការងារទាំងនេះនៅតាមផ្សារសាធារណៈ ភោជនីយដ្ឋាន អាហារដ្ឋាន មូលដ្ឋានអាជីវកម្មលក់ដូរនានា ពិសេសត្រូវអប់រំ និងត្រួតពិនិត្យនូវវិធានសុខាភិបាលទាំងនេះជាប្រចាំផងដែរ ព្រោះជាកន្លែងប្រមូលផ្ដុំមនុស្សច្រើន។
លោកក៏បានផ្ដល់យោបល់ឱ្យអាជ្ញាធរជួយសម្របសម្រួលបែងចែកការធ្វើបុណ្យទាននៅតាមទីវត្តអារាមឱ្យបានសមាសមាត្រផងដែរ មានន័យថា ប្រសិនបើវត្តណាមួយមានពុទ្ធបរិស័ទទៅច្រើន ចង្ហាន់ទេយ្យទានគ្រប់គ្រាន់ច្រើនហើយ អាចណែនាំឱ្យទៅវត្តដទៃទៀត ដែលមិនសូវមានពុទ្ធបរិស័ទទៅធ្វើបុណ្យទានច្រើននៅឡើយ។
ចំពោះការងារកសាងគណបក្ស ការក្ដាប់សតិអារម្មណ៍របស់សមាជិកគណបក្ស ព្រមទាំងការងារត្រៀមដាក់បេក្ខភាពឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២២ លោក ថោង ខុន ក៏បានណែនាំនូវអនុសាសន៍បន្ថែមជាច្រើនផងដែរ។
ចំពោះសេវាសាធារណៈ បញ្ហាទំនាស់ដីធ្លី ការបង្កបង្កើនផលកសិកម្មរបស់ប្រជាពលរដ្ឋ ក៏ត្រូវតែកើតមានជារឿយៗ ខណៈអាជ្ញាធរស្រុកតាំងគោក ស្រុកបារាយណ៍ ក៏តែងតែបន្តអនុវត្តដោះស្រាយជូនប្រជាពលរដ្ឋដូចភ្លៀងរលឹម។ លោកប្រធាន ថោង ខុន ក៏បានជួយដោះស្រាយលើបញ្ហាមួយចំនួន ព្រមទាំងផ្ដល់ណែនាំមួយចំនួនទៀតផងដែរ។
លោក ថោង ខុន បានណែនាំឱ្យអាជ្ញាធរស្រុកទាំងពីរបន្តជំរុញការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦ ឆ្នាំឡើងទៅឱ្យបានគ្រប់គ្នា។
លោកក៏បានដាស់តឿនឱ្យក្រុមការងារចុះមូលដ្ឋានស្រុក ឃុំ ភូមិនៃស្រុកទាំងពីរ ត្រូវបន្តចុះជួយមូលដ្ឋានឱ្យបានសកម្មបន្ថែមទៀត ដើម្បីក្ដាប់ពីការងារជាច្រើនដែលត្រូវការឱ្យក្រុមការងារចូលរួមជួយជាប្រចាំ ជាមួយនឹងការការពារខ្លួន និងអ្នកដទៃពីការចម្លងជំងឺកូវីដ-១៩៕