(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹង អាជ្ញាធរដែនដី និងសាធារណជន ពិសេសប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងស្ទឹងសែន សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។
បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះ ព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងបន្តទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីមធ្យម ហើយបន្តទៅមុខទៀតនឹងទទួលឥទ្ធិពលផ្សេងៗថែមទៀត។
ស្ថានភាពបែបនេះ ធ្វើឱ្យក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកមាន ភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ នៅ តំបន់ផ្ទៃរងទឹកភ្លៀងរបស់ខេត្តព្រះវិហារ ដែលជាប្រភពដើមរបស់ស្ទឹងសែន បណ្តាលឲ្យកើតមានជាជំនន់ទឹកភ្លៀង ហើយទឹកនេះ នឹងបន្តហូរធ្លាក់មកខេត្តកំពង់ធំ តាមរយៈស្ទឹងសែន។
យោងតាមការពិនិត្យកម្ពស់ទឹកនៅស្ថានីយជលសាស្ត្រតាមដងស្ទឹងសែន នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ឃើញថា៖
*នៅស្ថានីយស្ពានដូនម៉ា-ឃុំរក្សា ខេត្តព្រះវិហារ ទឹកមានកម្ពស់ ១៣,៥៨ ម៉ែត្រ ខ្ពស់ជាងថ្ងៃម្សិលមិញ ០,៣៤ម៉ែត្រ។
*នៅស្ថានីយសណ្តាន់ ខេត្តកំពង់ធំ ទឹកមានកម្ពស់ ១៨,២៦ម៉ែត្រ ខ្ពស់ជាងថ្ងៃម្សិល មិញ ០,១០ម៉ែត្រ។
*នៅស្ថានីយខេត្តកំពង់ធំ ទឹកមានកម្ពស់ ១៣,៣១ម៉ែត្រ ទឹកនៅនឹង៕