(បន្ទាយមានជ័យ)៖ សាខា ក .ប .ប. ខេត្តបន្ទាយមានជ័យ បានបានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារនិងទំនិញដាក់លក់នៅតាមផ្ទះ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងការចុះត្រួតពិនិត្យនោះមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ មានដូចជា ភេសជ្ជៈប៉ូវកម្លាំង ទឹកក្រូច ទឹកផ្លែឈើ សរុប ៥០៣ដប/កំប៉ុង ស្មើ២៥៩.៦គីឡូវក្រាម មន្ត្រីជំនាញដកហូតយកមករក្សាទុកដើម្បីកម្ទេចចោលតាមនីតិវិធីច្បាប់ នាថ្ងៃទី០២ ខែតុលា ម្សិលមិញ។
សូមជម្រាបថាក្នុងបណ្តាទីតាំងលក់ដែលបានចុះត្រួតពិនិត្យ មានផ្ទះលក់អីវ៉ាន់ចំនួន២ម្ចាស់ ដែលត្រូវបង់ប្រាក់ពិន័យអន្តរការណ៍នៅនឹងកន្លែង។
មន្ត្រីជំនាញបានឱ្យដឹងថា ក្នុងសកម្មភាពចុះពិនិត្យ មន្ត្រីជំនាញបានរកឃើញមានទំនិញខូចគុណភាពហួសថ្ងៃបរិច្ឆេទ កំណត់ គ្រឿងភេសជ្ជៈក្រោយពីមន្ត្រីជំនាញរឹបអូសរួចទំនិញទាំងនេះ ត្រូវបានក្រុមមន្ត្រី យកទៅរក្សាទុកដុតកម្ទេចពេលក្រោយ ចំពោះអ្នកលក់ពាក់ព័ន្ធនិងទំនិញនេះត្រូវធ្វើកិច្ចសន្យាបញ្ឍប់ ការលក់ដូរទំនិញខូចគុណភាព ហួសថ្ងៃកំណត់បន្តទៀតវាធ្វើឱ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។
មន្ត្រីជំនាញបានបញ្ជាក់ថា បើអ្នកលក់ណានៅបន្តលក់ទៀតនោះ មន្ត្រីជំនាញចុះរកឃើញ និងដោះស្រាយចំពោះមុខច្បាប់កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីរបស់តុលាការហើយ។
ក្នុងនោះមន្ត្រីជំនាញ បានផ្តាំផ្ញើដល់អ្នកប្រើប្រាស់មុននឹងទិញចំណីអាហារ និងទំនិញយកទៅបរិភោគ ត្រូវពិនិត្យមើលថ្ងៃបរិច្ឆេទ ការវេចខ្ចប់ឱ្យបានត្រឹមត្រូវព្រោះវាធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់ពេលយើងទិញយកទៅហូបមិនបានមើលកាលបរិច្ឆេទឱ្យបានត្រឹមត្រូវនោះ៕