(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនដល់កងកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ក្នុងទិសភូមិភាគ៤ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះ។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង ទទួលទិសភូមិភាគទី៤ និងទី៥ ជូនចំពោះនាយនគរបាល និងពលនគរបាលជាតិ ដែលកំពុងឈរជើងការពារទឹកដីតាមខ្សែរបន្តាត់ព្រំដែន ក្នុងទិសភូមិភាគទី៤។
លោកបានបន្ដ នាឱកាសបុណ្យប្រពៃណីជាតិ ដូចជាបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំថ្មី នាយឧត្តមសេនីយ៍ នេត សាវឿន តែងតែគិតគូរជានិច្ច និងបាននាំមកផ្តល់ជូននូវគ្រឿងឧបភោគ បរិភោគ ថវិកាមកប្រគល់ជូនដល់កងកម្លាំងជាទៀងទាត់ផងដែរ។
នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ ក៏បានថ្លែងជំរុញដល់កងកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមព្រំដែន ត្រូវអនុវត្តតួនាទីភារកិច្ចឲ្យមានប្រសិទ្ធភាពខ្ពស់ ពោលគឺដៃម្ខាងការពារទឹកដី និងដៃម្ខាងទៀតចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ ដោយត្រូវទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទឲ្យបានជាដាច់ខាត។
ម៉្យាងវិញទៀត ត្រូវចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ និងអង្គភាព ពីការឆ្លងជំងឺកូវីដ-១៩ និងត្រូវសម្របសម្រួលខ្លួនក្នុងការរស់នៅជាមួយបរិបទជំងឺកូវីដ-១៩ តាមបែបគន្លងថ្មី ហើយត្រូវថែរក្សាសុខភាព អនាម័យ ក្នុងការរស់នៅឲ្យបានល្អ ដោយប្រកាន់យកនូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាតជានិច្ច។
អំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដែលត្រូវបានប្រគល់ជូនក្នុងឱកាសនោះ រួមមាន ថវិកាចំនួន៤០លានរៀល និងគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈផងដែរ៕